ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីណែនាំអោយមន្រ្តីរបស់រដ្ឋបាលរាជធានីភ្នំពេញបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ខណៈប្រកាសតែងតាំងមុខដំណែងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ១៦រូប

100

 ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានធ្វើការណែនាំអោយមន្រ្តីរបស់រដ្ឋបាលរាជធានីភ្នំពេញបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាអោយកៀកកិតជាមួយប្រជាពលរដ្ឋ។

ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងរសៀលថ្ងៃទី២៩ ខែឧសភានេះ ក្នុងពិធីប្រកាសតែងតាំងមុខដំណែងរបស់មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញចំនួន១៦រូប នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្រ្តីរាជការរបស់រដ្ឋបាលរាជធានី​ភ្នំពេញត្រូវធ្វើ​ខ្លួនអោយបានល្អ យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យរហ័ស​ទាន់ចិត្ត ទាន់​ពេលវេលាដើម្បី​ឆ្លើយតបទៅនិងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។ លោកអភិបាលបានបញ្ជាក់ថា មន្រ្តីរាជការស៊ីប្រាក់បៀវត្សពីរដ្ឋ ដូច្នេះត្រូវតែ បំរើប្រជាពលរដ្ឋឲ្យបានឌិតដល់ ព្រោះកាលណាផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អនិងទាន់ចិត្ត នោះ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការទទួលបានចំណូលពន្ធចូលថវិកាជាតិ។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា មន្ត្រីរបស់យើងបើចង់បានតួនាទីខ្ពស់ ត្រូវប្រឹងប្រែងបំពេញការងារអោយបានល្អ ស្លៀកពាក់សមរម្យនិងគោរពពេលវេលា ។ លោកបញ្ជាក់ថា ការតែងតាំងនិងផ្ទេរតំណែងរបស់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ តាមឋានានុក្រមរបស់ក្រសួងមហាផ្ទៃ ពីតូចទៅធំ ។

គួរបញ្ជាក់ផងដែរថា មន្ត្រីរាជការ រចនាសម្ព័ន្ធសាលារាជធានីភ្នំពេញដែលត្រូវប្រកាស តាំងមុខតំណែងនិងផ្ទេរភារកិច្ចចំនួម១៦រូបនេះរួមមាន ១ លោកជិន ប៊ុនធឿនត្រូវបានតែងតាំងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ។ ២  លោកនួន អំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណង់និងបរិស្ថាន។ ៣ លោក ម៉េត មាសភក្តី ជានាយកទីចាត់ការផែនការនិងវិនិយោគ ។ ៤ លោកស្រីដោ សម្ផស្សជានាយិកាទីចាត់ការរដ្ឋបាល។ ៥លោកម៉ៅ បូណែត ជាអនុប្រធានផ្នែកទទួលពាក្យបណ្ដឹងនៃការិយាល័យប្រជាពលរដ្ឋ ។ ៦ លោក ស៊ុក សង្វាពេជ្រជានាយរងទីចាត់ការរដ្ឋបាល ។ ៧ លោកតូច ពណ្ណរាយ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ។ ៨ លោកអុិន អាស្នា ជានាយករងទីចាត់ការគ្រប់គ្រងសំណង់និងបរិស្ថាន ។ ៩លោកឃាង វណ្ណៈ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងពិធីការ ។ ១០ លោកសុខ សៀងហុងប្រធានការិយាល័យរបៀបនិងឯកសារ។ ១១ លោក ប៊ុន ដារ៉ាប្រធានការិយាល័យសេដ្ឋកិច្ចនិងសង្គមកិច្ច ។ ១២ លោក ឃុំ  គាងប្រធានការិយាល័យគ្រប់គ្រងសំណល់។១៣ កញ្ញាខុន ខេម៉ា ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ ។១៤ កញ្ញា សម ស្រីលក្ខណ៍ ជាអនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ។ ១៥លោក ហឿន គន្ធីអនុប្រធានការិយាល័យសេដ្ឋកិច្ចនិងសង្គមកិច្ច ។និង១៦ លោកគុណម៉ាលីន ជាអនុប្រធានការិយាល័យបច្ចេកទេសនិងត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន៕

 

 

អត្ថបទដែលជាប់ទាក់ទង