បើកត្រាក់ទ័រភ្ជួរដី ប៉ះចំមីនតោន ផ្ទុះបណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់
ខេត្តកណ្ដាល ៖ បុរសម្នាក់កំពុងបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីស្រែឲ្យគេ ប៉ះចំមីនតោន បណ្ដាលឲ្យផ្ទុះប៉ើង ធ្វើឲ្យរងរបួសធ្ងន់ រីឯត្រាក់ទ័រ រងការខូចខាតស្ទើរទាំងស្រុង នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរស៊ីឈ្នួលភ្ជួរដីស្រែ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង រងរបួសធ្ងន់ ។ ចំណែកឯត្រាក់ទ័រភ្ជួរដីខូចខាតស្ទើរទាំងស្រុង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកត្រាក់ទ័រមកភ្ជួរដីស្រែឲ្យឈ្មោះ ទេព្យ សំអុល ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ តែភ្ជួរបានបន្តិច ស្រាប់តែប៉ះចំគ្រាប់មីន បណ្ដាលឲ្យផ្ទុះប៉ើងត្រាក់ទ័រ និងអ្នកបើក ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯត្រាក់ទ័រវិញខូចខាតស្ទើរទាំងស្រុង ។
សមត្ថកិច្ច មកធ្វើការអន្ដរាគមន៍ យកជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ ។ ករណីនេះសមត្ថកិច្ចជំនាញបាមបញ្ជាក់ថា គ្រាប់ដែលផ្ទុះ គឺជាគ្រាប់ប្រភេទប្រឆាំងរថក្រោះគឺ មីនតោន ៕