ស្គាល់មុខហើយ នគរបាលនៅនាយកដ្ឋានព្រំដែនទឹកម្នាក់ ជាចោរ ចូលលួច iPad នៅហាងវីងវេរលុយរស្មីសាមគ្គី
(ភ្នំពេញ)៖ បើតាមផេកហ្វេសប៊ុក របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីបណ្តាញសង្គមហ្វេសប៊ុក ស្តីពីការលួចយកIpad មន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យនោះ ឈ្មោះ ហេង ហាប់ អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក អាយុ25ឆ្នាំ។
សូមបញ្ជាក់ថា បុរសម្នាក់ក្នុងឯកសណ្ឋានជាមន្ដ្រីនគរបាល និងពាក់ស័ក្ដិ៣ ក្នុងហាងមួយកន្លែង ហើយបានធនវើសកម្មភាពលួច iPad មួយគ្រឿងទៅបាត់ ។ បន្ទាប់ពីដឹងថាបាត់អាយផេត ម្ចាស់ហាង បានកាមេរ៉ាសុវត្ថិភាព ក៏ឃើញមន្រ្តីម្នាក់ លួចយក ហើយត្រូវម្ចាស់ហាងយកវីដេអូ ទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share ហើយខំមិនរិះគន់យ៉ាងធ្ងន់ៗ ដែលធ្វើប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិ។
ទោះបីជាណាយ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះពុំទាន់អាចសុំព័ត៌មានបន្ថែមពីម្ចាស់ហាង ថាតើករណីនេះ កើតឡើងនៅពេលណា ថ្ងៃណា និងហាងនៅទីណានោះទេ ប៉ុន្តែបើតាមវិដេអូបង្ហាញថា ករណីនេះបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង៩ព្រឹក។
បើយោងលោកអធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅ នារសៀលថ្ងៃទី៣០ ឧសភានេះថា កម្លាំងនគរបាលបានសហការជាមួយកម្លាំងនគរបាលលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាលោកឧត្តមសេនីយ៍ស្នងការ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដាក់ ហើយក៏រកឃើញមន្ដ្រីនគរបាលរូបនោះ ដោយគាត់យល់ព្រមចូលមកសារភាពពីកំហុស និងព្រមប្រគល់អាយផេតទៅម្ចាស់ហាង ៕