ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការ បញ្ជាក់ថា មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលបន្លំលួច iPad មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ

400

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលបន្លំលួច iPad នៅហាងវេរលុយវីងនោះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់។

មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ដែលបន្លំលួច iPad មួយគ្រឿង នៅហាងវីងមួយកន្លែង នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនបន្ដមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នៅពេលនេះសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។

មន្ត្រីនគរបាលពាក់ស័ក្តិ៣ បានធ្វើសកម្មភាពលួច iPad ក្នុងហាងមួយកន្លែង និងត្រូវម្ចាស់ហាងយកវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព មកបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហេ្វសប៊ុក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងរិះគន់ជាខ្លាំង។

បើតាមការបញ្ជាក់បានឱ្យដឹងថា មន្រ្តីនគរបាលរពឹសដៃរូបនោះមានឈ្មោះហេង ហាប់ អាយុ២៥ឆ្នាំ បម្រើការងារនៅនាយកដ្ឋានព្រំដែនទឹក ក្រសួងមហាផ្ទៃ។

លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយមានព័ត៌មាននេះភ្លាម កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានចុះស្រាវជ្រាវ បុរសម្នាក់ដែលពាក់ឯកសណ្ឋានជានគរបាល និងពាក់ស័ក្ដិ៣ ចូលទៅលួច iPad មួយគ្រឿង ក្នុងហាងមួយកន្លែងនៅខណ្ឌទួលគោក។

សូមបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីង រស្មី សាមគ្គី ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ក្រោយពីបានបង្ហោះវីដេអូ នៃការលួចបន្លំ iPad ខាងលើនេះ នាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងៗ ពីមហាជននៅលើបណ្តាញសង្គម Facebook នោះស្រាប់តែនៅល្ងាចថ្ងៃដដែលនេះ ម្ចាស់ Account leakhenana Jeanana បានលុបចោលវីដេអូនេះចេញបាត់ ហើយបានបង្ហោះខ្លឹមសារថ្មីថា ជាការយល់ច្រឡំទៅវិញ។
Account Facebook ដែលជាម្ចាស់ហាងរូបនេះ បានបង្ហោះយ៉ាងដូច្នេះថា មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់ បានមកដកលុយរួចកាន់យកទៅ។ ប្រហែល ២ម៉ោងក្រោយ ខ្ញុំបានបង្ហោះ Facebook ពេលនេះ គាត់បានប្រគល់ iPad មកឲ្យខ្ញុំវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ។

សម្រាប់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាញសង្គម និងថ្នាក់ដឹកនាំនគរបាល ហាក់មិនជឿនោះឡើយ។ តាមរយៈសកម្មភាពនៅក្នុងវីដេអូខាងលើនេះ បានបង្ហាញថា ជាទង្វើលួចដោយទុច្ចរិតយ៉ាងពិតប្រាកដ ដែលត្រូវទទួលទោសតាមច្បាប់ និងប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង