ករណីឃាតកម្ម ទៅលើកុមារទាំងពីរនាក់បងប្អូននេះ ជាអំពើឃោរឃៅ អមនុស្សធម៌បំផុត
ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់នៅចំពោះមុខឪពុកម្តាយក្មេងទាំង២នាក់ ដែលឃាតករសម្លាប់ថា ករណីឃាតកម្ម ទៅលើកុមារទាំងពីរនាក់បងប្អូននេះ ជាអំពើឃោរឃៅ អមនុស្សធម៌បំផុត ហើយនៅពេលនេះ សមត្ថកិច្ច ទូទាំងប្រទេស ត្រូវស្វែងរកឲ្យឃើញ។
រសៀលថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ បានជួយឧបត្ថម្ភថវិកា ចំនួន២.៣៤០.០០០រៀល លុយដុល្លារ ចំនួន៩១៥ ដុល្លារ និង គ្រឿងបរិភោគមួយចំនួន ថែមទៀត ដល់ឪពុកម្តាយសពក្មេងទាំង២នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគាត់ ដែលកំពុងខ្វះខាត។
កុមារទាំងពីរ នាក់បងប្អូន ត្រត្រូវបានឃាតករ សម្លាប់ កាលពីរសៀលថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៩ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងខណៈពេល ដែលឪពុកម្តាយក្មេងទាំងពីរ ទុកកូនឲ្យនៅចាំផ្ទះ ហើយពួកគាត់ទៅធ្វើការងារសំណង់ ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាល ខេត្ត បានមានប្រសាសន៍ថា ៖ ថវិកា និងគ្រឿងឧបភោគបរិភោគ ទាំងអស់នេះ គឺជាការចូលរួមដោយសទ្ធាជ្រះថ្លា ពីបងប្អូនខ្មែរយើង ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។
លោកស្នងការ បានបញ្ជាក់ នៅចំពោះមុខឪពុកម្ដាយ ជនរងគ្រោះថា ៖” ករណីឃាតកម្ម ទៅលើកុមារទាំងពីរនាក់បងប្អូននេះ ជាអំពើឃោរឃៅ អមនុស្សធម៌បំផុត ដែលខ្មែរយើងកាន់ព្រះពុទ្ធសាសនា មិនអាចទទួលយកបាន”។
លោកបានបន្តថា ” ដូចនេះហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាទូទាំងឲ្យសមត្ថកិច្ច ទូទាំងប្រទេស ត្រូវស្វែងរកឲ្យឃើញ។ សមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ តែវាបានរត់គេចខ្លួន”៕