ស្នើ ដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ដជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព
ភ្នំពេញ ៖ ទិវាកុមារឆ្នាំ២០១៩នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានអំពាវពាវឲ្យ គ្រប់ស្ថានីយវិទ្យុទូរទស្សន៍របស់រដ្ឋ និងឯកជនព្រមទាំង ប្រព័ន្ឋផ្សព្វផ្សាយសង្គមនានា បន្ដជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព ជាពិសេសពង្រឹងគុណភាព ផលិតកម្មវិធីសម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យ កុមារក្លាយជាជនរងគ្រោះ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ កុមារចំនួនជិត ៣ម៉ឺននាក់ ត្រូវបានដកហូតពីទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារនិងចំនួនជិត ១៨ ម៉ឺននាក់ទៀតត្រូវបាន ទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ និងបានផ្ដល់ឱកាសឲ្យពួកគេទទួលបាន ការអប់រំបំណិនជីវិត និងបណ្ដុះបណ្ដាលជំនាញ។
តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្ដរជាតិ ១មិថុនា និងខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្ម លើកុមារ ១២មិថុនា និងទិវាកុមារ កម្ពុជា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានចុះធ្វើអធិការកិច្ចការងារ និងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីលុបបំបាត់ពលកម្មកុមារ និងបង្កើនផលិតភាពការងារ នៅតាមគ្រឹះស្ថានសហគ្រាស នៃវិស័យសេដ្ឋកិច្ចរៀបរយតាមរយៈ កំណែទម្រងប្រព័ន្ឋអធិការកិច្ចការងារ និងគោលការណ៍ណែនាំ ស្ដីពីអធិការកិច្ចការងារផងដែរ។
សម្ដេចតេជោ បានមានប្រសាន៍បន្ថែមថា កិច្ចការពារកុមារគឺជាការងារ ពហុវិស័យដែលតម្រូវឲ្យអ្នកពាក់ព័ន្ឋ ទាំងអស់យកចិត្តទុកដាក់ ចូលរួមចំណែកអនុវត្ដដោយការ ទទួលខុសត្រូវខ្ពស់តាម ជំនាញរៀងៗខ្លួន លើការងារលើកកម្ពស់សិទ្ឋិកុមារ និងលើកកម្ពស់សុខុមាលភាពសង្គម សម្រាប់កុមារជាពិសេស ត្រួវយកចិត្តទុកដាក់ខ្ពស់ទៅលើការ បង្ការទប់ស្កាត់កុមារពីអំពើហិង្សាគ្រប់ រូបភាពដោយត្រូវពង្រឹង កិច្ចសហប្រតិបត្តិការការ អនុវត្តច្បាប់ក្របខណ្ឌគិត្តយុត្តិ និងគោល នយោបាយរួមទាំងយន្ដការ អោយបានសមស្រប។
ជាមួយគ្នានេះសម្ដេចតេជោ បានស្នើឲ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារត្រូវបន្ដដឹកនាំ ចាត់ចែងអនុវត្ដអនុសញ្ញាស្ដីពី សិទ្ឋិកុមារផ្សព្វផ្សាយ និងអនុវត្ដលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ឋដោយមានប្រសិទ្ឋភាព និងត្រូវកសាងលិខិតគតិយុត្ដបន្ថែមទៀត ដើម្បីឲ្យប្រព័ន្ឋកិច្ចការពារ កុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យស្ថាប័នពាក់ព័ន្ឋ ពង្រឹងការអនុវត្ដផែនការ សកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ រួមចំណែកកាត់បន្ថយ និងឈានទៅលុបបំបាត់ងអំពើហិង្សា គ្រប់រូបភាពលើកុមារដើម្បីសម្រេចបាន តាមគោលដៅអភិវឌ្ឍ៍ប្រកបដោយចរីភាព និងផែនការសកម្មភាពអាស៊ាន ស្ដីពីអំពើហិង្សាលើកុមារផងដែរ៕