បុរសម្នាក់ជិះម៉ូតូPCX គេចហ្វូងគោដើរលើផ្លូវ បណ្តាលឲ្យដួលបោកក្បាលនឹងរបាំងថ្មស្លាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ហើយហើយបានគេចគោមួយហ្វូង ដែលដើរឆ្លងផ្លូវ ដួលបោកក្បាលទៅនឹងរបាំងថ្មបណ្តាលឲ្យស្លាប់នៅកន្លែង កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ លេខ៥៩៨ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ គ្រោះថ្នាក់នេះ ត្រូវបានមហាជន និយាយរិះគន់ដល់អាជ្ញាធរមូលដ្ឋាន ដែលមិនយកចិត្តទុកដាក់ លើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តោយគោមួយហ្វូង ដើរផ្តេសផ្តាស់ពេញផ្លូវក្នុងក្រុងភ្នំពេញ ។
នគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នរិន្ទ មណី មានទីលំនៅផ្ទះ៣៥សេ ផ្លូវបេតុង ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជិជិះម៉ូតូហុងដា PCX ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១HD-៨២១២ ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរូបនោះបានជិះម៉ូតូ មួយគ្រឿងខាងលើ ក្នុងល្បឿនលឿនធ្វើដំណើរតាមផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់ចំណុច កើតហេតុ ក៏បានគេចគោមួយហ្វូង ដើរឆ្លងផ្លូវបណ្តាលឲ្យដួល បោកក្បាលទៅនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវស្លាប់នៅកន្លែង។ ចំណែកម៉ូតូអូសជាច្រើនម៉ែត្រហើយ ខ្ទាតចេញពីម្ចាស់ប្រមាណជិត៣០ម៉ែត្រ៕