គណៈកម្មការផ្សារអូឬស្សីបន្តការរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅជុំវិញបរិវេណផ្សារនិងឃាត់ខ្លួននារីម្នាក់ ដែលបានបន្លំលួចម៉ូតូ
ភ្នំពេញ៖គណៈកម្មការផ្សារអូឬស្សីបានបន្តការរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅជុំវិញបរិវេណផ្សារនិងបានឃាត់ខ្លួននារីម្នាក់ដែលបានបន្លំលួចម៉ូតូនៅការ៉ាសជាន់ឡៅតឿយកមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុរួចបញ្ជូនទៅឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី១ចាត់ការបន្ត។
មន្ត្រីនៃគណៈកម្មការផ្សារអូឬស្សីបានអោយដឹងថានៅថ្ងៃអាទិត្យទី០២មិថុនានេះបានបំពេញការងារមួយចំនួនដើម្បីអោយទីផ្សារអូឬស្សីទាំងមូលទទួលបាននូវសន្តិសុខ–សុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ក្នុងនោះសម្រាប់ការងារសន្តិសុខ–សុវត្ថិភាពគឺបានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅល្បាតចល័តការពារសុវត្ថិភាពជាប្រចាំទាំងវេនថ្ងៃ និងវេនយប់។បន្តពង្រឹងនិងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យនិងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
គណៈកម្មការផ្សារដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅជុំវិញបរិវេណផ្សារហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារនិងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែងបញ្ហាចាក់សោតូបត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
ចាប់ពីវេលាម៉ោង៨និង៣០នាទីព្រឹករហូតដល់ម៉ោង១៩.០០នាទីយប់គណៈកម្មការផ្សារបន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករាដឹកនាំដោយលោកប្រាក់ហាក់ប្រធានក្រុមគណបញ្ជាការឯកភាពខណ្ឌ៧មករា តំណាងលោកលីមសុភាអភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ១៣៩. ១៦៦និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្មឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌ៧មករា។
ការងារអនាម័យ–បរិស្ថានភ្នាក់ងារអនាម័យបានបន្តការបោសសម្អាតប្រមូលសម្រាមនៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាចហើយបានសហការជាមួយក្រុមហ៊ុនស៊ីនទ្រីដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
នៅល្ងាចថ្ងៃទី១ខែមិថុនាឆ្នាំ២០១៩គណៈកម្មការផ្សារសហការជាមួយក្រសួងសុខាភិបាលធ្វើការបាញ់ថ្នាំសម្លាប់សត្វល្អិតនៅខាងក្នុងជុំវិញបរិវេណផ្សារ។នៅវេលាម៉ោង៨.៣០នាទីព្រឹកគណៈកម្មការផ្សារបានចែកលិខិតអញ្ចើញអាជីវករលក់និងបោចមាន់.ទាសរុបចំនួន៣៥នាក់ដើម្បីចូលរួមធ្វើតេស្តឈាមពិនិត្យសុខភាពនៅថ្ងៃទី៣– ៤ខែមិថុនាឆ្នាំ២០១៩នៅផ្ទះលេខ៣ផ្លូវ១១១សង្កាត់អូរឬស្សីទី១ខណ្ឌ៧មករា។
គណៈកម្មការផ្សារបានបន្តប្រកាសនិងចែកសេចក្ដីជូនដំណឹងជូនដល់អាជីវករក្នុងផ្សារអូរឬស្សីទាំងអស់ដែលជាម្ចាស់តូបមានកាន់ប័ណ្ណតូបតែមិនមែនឈ្មោះរបស់ខ្លួនឱ្យរួសរាន់យកប័ណ្ណតូបមកផ្ទេរសិទ្ធិនៅគណៈកម្មការផ្សារដើម្បីប្តូរយកប័ណ្ណថ្មីព្រោះជិតដល់ថ្ងៃផុតកំណត់ ដែលប័ណ្ណតូបត្រូវផុតកំណត់នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ។
នៅវេលាម៉ោង១៧.០០នាទីល្ងាច កម្លាំងសន្តិសុខបានធ្វើការឃាត់ខ្លួននារីម្នាក់ឈ្មោះញ៉ែមកល្យាណអាយុ២៦ឆ្នាំដែលបានបន្លំលួចម៉ូតូនៅការ៉ាសជាន់ឡៅតឿយកមកមណ្ឌលដើម្បីធ្វើការសួរនាំនិងធ្វើកំណត់ហេតុរួចបញ្ជូនទៅឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី១ចាត់ការបន្ត៕