ជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរ បើករត់គេចសមត្ថកិច្ច ឆែកឃើញគ្រឿងញៀន ជាង១០គីឡូ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ផ្ដើមឡើងដោយករណីគ្រោះថ្នាក់ចរាចរ និងឈានដល់ធ្វើការ ឃាត់ឆែកឆេរឃើញគ្រឿងញៀនញៀនដោយចៃដន្យ ជាង១០គីឡូ នេះដោយសារតែជនជាតិចិន ធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខក្លែងក្លាយ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុចស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និង ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង ១M-១៥៧៤ ធ្វើដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីកើតទៅលិច បានឈប់រងចាំស្តុប ខណៈពេលនោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បី ជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្ក បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង ផ្លូវលេខ១៣៦ ទើបត្រូវបានប្រជាពលរដ្ឋដេញ ឃាត់បានតែម្តង និង វ៉ៃម្នាក់មួយដៃមួយជើង ទើបបណ្ដាលឲ្យរងរបួសបែកមាត់៕