ឃុំខ្លួនយោធាម្នាក់ដែលបាញ់ ៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ក្រុងតាខ្មៅ
កណ្តាល៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន មន្រ្តីយោធាដែលបាញ់៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ដាក់ពន្ធនាគារខេត្តកណ្តាល។
ជនជាប់ចោទមានតួនាទីជាមន្រ្តីយោធា មានឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានអាវុធហត្ថខេត្តកណ្ដាល បានបញ្ជូនទៅកាន់តុលាការខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា បញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកណ្ដាល បានបញ្ជូនមន្ដ្រីយោធាម្នាក់ ដែលផឹកស៊ីស្រាស្រវឹងឡូឡាបង្កជម្លោះ ហើយដកកាំភ្លើងបាញ់ចំនួន ៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ស្ថិតនៅក្រុងតាខ្មៅ ត្រូវបានកសាងសំណរឿងតាមខ្សែបណ្តោយ បញ្ជូនទៅកាន់តុលាការខេត្ត នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
មន្ដ្រីអាវុធហត្ថខេត្តកណ្ដាល បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ ដែលក្នុងនោះមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោ ម៉ូតូ១ចង្កោម (កូនសោម៉ូតូ១, កូនសោរថយន្ត១ តេឡេរថយន្ត១)។ ជននេះ បានបើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺនៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់ រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ១គ្រាប់ទៀត គេចខ្លួនបាត់។ ប៉ុន្តែលុះព្រឹកឡើងដោយភ័យខ្លួនក៏ចូលសារភាព៕