ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ពីការត្រៀម នឹងឆ្លើយតប ពេលមានគ្រោះទឹកជំនន់

125


ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ ដល់សាធារណជន ទាំងអស់ថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមាន ការផ្លាស់ប្ដូររដូវកាល និងបង្កឲ្យកើតមានជាញឹកញាប់ នូវគ្រោះធម្មជាតិ រលកកម្ដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត ដែលគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់ខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់អត់បងជីវិតប្រជាជន។

បើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2019 បានបញ្ជាក់ថា ដូចនេះដើម្បីកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមានពេលខាងមុខ លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំមួយចំនួន ដូចជា នៅមុនពេលទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឲ្យបានស្អាត នឹងសាងសង់បង្គន់ ត្រូវធ្វើឲ្យប្រសើរ បើទាបធ្វើឲ្យខ្ពស់ ដើម្បីការពារទឹកជំនន់។ អំឡុងពេលមានទឹកជំនន់ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអគារទ្រឌទ្រោម ព្រោះអាចស្រុតបាក់បង្កគ្រោះថ្នាក់។ ដើម្បីចៀសវាងនូវបញ្ហារាគរូស រាកមូល ពុលចំណីអាហារ ឬជំងឺផ្សេងៗទៀត ដែលបង្កឡើងដោយទឹកជំនន់ ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្តោះ ដាំទឹកឱ្យឆ្អិនល្អ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លររីន ឬក្លរ៉ាមីន ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឲ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិតល្អ ដើម្បីការពាររុយរោម នឹងធូលីដីហុយចូល ព្រមទាំងសំអាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយ ដូចជាចានឆ្នាំងស្លាបព្រា ផ្ទះកាំបិតជ្រញ់ អោយបានស្អាត លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។ ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើម ជាចាំបាច់ ត្រូវពាក់ម៉ាស ឬកូនកន្សែងក្រមាខ្ទប់មាត់ ពេលក្អកឬកណ្ដាស់ នឹងត្រូវនៅឲ្យឆ្ងាយពីអ្នកជំងឺ ដែលក្អកឬកណ្ដាស ហើយមិនត្រូវនៅក្បែរកន្លែង មានធូលីដីហុយ បើចាំបាច់ត្រូវតែពាក់ម៉ាស់។ នៅពេលដែលមានធាតុអាកាសប្រែប្រួល ភ្លាមៗត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព ដូចជាការស្លៀកពាក់ ឲ្យបានត្រឹមត្រូវ នឹងចៀសវាងចេញក្រៅផ្ទះ ក្នុងរយៈពេលយូរ។ ត្រូវធ្វើអនាម័យខ្លួនប្រាណ ឲ្យស្អាតដែលងូតទឹកដុសសាប៊ូកក់ សក់ បោកសម្លៀកបំពាក់ ឲ្យបានស្អាត ចៀសវានៅជំងឺសើស្បែក ពងទឹកកមរមាស់ ជាដើម។ នៅពេលក្រោយទឹកជំនន់ ត្រូវបន្តបរិភោគចំណីអាហារ ទឹកស្អាត និងអនាម័យខ្លួនប្រាណ ឱ្យបានស្អាត ចៀសវាងនូវជំងឺផ្សេងៗ ត្រូវបន្តសម្រាន្តក្នុងមុង គ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ ត្រូវធ្វើអនាម័យជុំវិញផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ នឹងមេរោគជាច្រើន នៅក្នុងទឹកចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឲ្យមានដង្កូវទឹក កើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ ត្រូវស្ដារ និងសម្អាតអណ្ដូងទឹក មុនពេលប្រើប្រាស់ ព្រមទាំងជួសជុល និងសាងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាល ត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ទាំងមុនពេល ក្នុងពេល និងក្រោយពេល ទឹកជំនន់ ប្រសិនបើលោកអ្នក មានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ ជាបន្ទាន់នៅប៉ុស្តិ៍សុខភាព ក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។ ក្រសួងសុខាភិបាល បានដែរនាំមន្ទីរសុខាភិបាលរាជធានី ខេត្ត ទាំងអស់ឲ្យត្រៀមលក្ខណៈ រួចជាស្រេច នូវឱសថ បរិក្ខារពេទ្យ សេរ៉ូមប្រឆាំងពិសពស់ សម្រាប់ជួយអន្តរាគមន៍ នៅពេលមានពស់ចឹក ព្រមទាំងត្រៀម ក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដែលមាន បញ្ហាសុខភាពឲ្យបានល្អប្រសើរ និងទាន់ពេលវេលា ទៅតាមនិយាមប្រតិបត្តិពេទ្យ ត្រឹមត្រូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង