ប្រារព្ធជាខួបគម្រប់៧០ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម
ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម័្ពន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានរៀបចំកម្មវិធី គម្រប់ខួប ៧០ ឆ្នាំ ថ្ងៃដែល បារាំង បានកាត់ទឹកដី ខ្មែរក្រោម ទៅឱ្យ វៀតណាម គ្រប់គ្រងកាល ៤ មិថុនា ១៩៤៩ / ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះជាថ្ងៃ ទិវាដែលខ្មែរក្រោមរងទុក្ខ សោកនាដកម្ម និងជាថ្ងៃដែលខ្មែរក្រោម រស់នៅដោយ ពុំមានសិទ្ធិសេរីភាព ពេញលេញ ជាម្ចាស់នៃប្រទេស កំណើតរបស់ខ្លួន ។
កម្មវិធីនេះ ប្រព្រឹត្តនៅថ្ងៃទី ៤ មិថុនា ២០១៩ នៅ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅទល់ផ្សាឈូកមាស ដែលមានអ្នកចូលរួម ប្រមាណ២០០នាក់ និងមានរាប់បាត្រព្រះសង្ឃចំនួន៧០អង្គផងដែរ ក្រោមព្រះអធិបតីភាពសម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានរៀបចំពិធីបុណ្យដើម្បីរំលឹកដល់ការបាត់បង់ដីកម្ពុជាក្រោម។
អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ប្រធានប្រតិបត្តិសហគមន៍ខ្មែរក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះមក អាជ្ញាធរអាណានិគមវៀតណាម បានប្រើគ្រប់មធ្យោបាយ ដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរ យ៉ាងសាហាវឃោរឃៅជាទីបំផុត។ លោក ថាច់ សេដ្ឋា បានបន្តថា ការតស៊ូពលីជីវិតនៃប្រជាជាតិខ្មែរ ក៏ចាប់ផ្ដើមឡើង ដើម្បីការពារអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិជាដើម ហើយដើម្បីសម្ដែងនូវកតញ្ញុតាធម៌ និងគារវកិច្ច ចំពោះវីរបុរសស្នេហាជាតិ ក្នុងបុព្វហេតុមាតុភូមិ ក្រុមអង្គការ សហគមន៍ខ្មែរក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ តែងតែប្រារព្ធខួបបាត់បង់ទឹកដីដោយនាំគ្នា រាប់បាត្រព្រះសង្ឃ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ រាល់ថ្ងៃទី៤ មិថុនា៕