គ្រោះថ្នាក់ចរាចរ ធ្លាយដល់ការបង្ក្រាបគ្រឿងញៀន ជិត៧គីឡូក្រាម ពីជនជាតិចិនម្នាក់
ភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ បានចាប់ខ្លួនចិត្តចិនអ្នកដែលបើករថយន្តបុកម៉ូតូកង់បីឥណ្ឌា ហើយប្រតិបត្តិការបង្រ្កាបជនជាតិចិននេះ ក៏ឆែកឆេររកឃើញ គ្រឿងញៀន ប្រភេទគ្រវី ជិត៧គីឡូក្រាម នៅក្នុងរថយន្ត lexus ។
លោកទៀង ច័ន្ទសារ អធិការប៉ូលិសខណ្ឌដូនពេញ បានឲ្យដឹងថា លទ្ធផលធ្វើតេស្តបឋម ក្នុងករណីជួញដូរដឹកជញ្ជូន រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនដែលកម្លាំងនគរបាលខណ្ឌដូនពេញបង្ក្រាបបានគឺនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទីរសៀល ស្ថិតនៅចំណុចតាម បណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ មុខរោងកុនលុច្ស ។ ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW 4332 បើកពី ផ្លូវនរោត្តម ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មុខរោងកុនលុច្ស បានបើកទៅបុកម៉ូតូកង់បីមួយគ្រឿង បណ្តាលអោយមានរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់គេច។
លោកអធិការប៉ូលិសខណ្ឌដូនពេញ បានបន្តទៀតថា ក្រោយពីសភាពការណ៍ កើតឡើងភ្លាម កម្លាំងរបស់អធិការដ្ឋាន ប៉ុស្តិ៍ បានធ្វើសកម្មភាពដេញតាមរថយន្តខាងលើ ភ្លាមនោះជនបង្ក ក៏បានទាញកាបូបពីក្នុងឡានរបស់ខ្លួន ព្យាយាមបោះចោល តែត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនទាំងមនុស្ស ទាំងកាបូប និងរថយន្ត។ ក្រោយពី បានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចយើង ឆែកឃើញនៅក្នុងរថយន្តរបស់ជនបង្ក មានកាបូបយួរមួយ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន 06ដុំ ដោយមានការសង្ស័យ បានហែកមើលឃើញ មានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតាសញ្ញាក្បាលខ្មោច ជាច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន។ ភ្លាមនោះ យើងបានសហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត ជាលទ្ធផលបង្ហាញឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្ត្រាស៊ី) (ថ្នាំគ្រវី)។ ក្រោយមកយើងបានប្រើប្រាស់វិធានការ ជំនាញសួរចម្លើយ និងពន្លាតដែនសមត្ថកិច្ច បន្តធ្វើការឆែកឆេរដល់ លំនៅដ្ឋានជនសង្ស័យ ស្ថិតនៅខណ្ឌច្បារអំពៅផងដែរ។
លោកទៀង ច័នច័ន្ទសារ បានបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការបន្តនេះ ដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបាន ប្រាប់អំពីបក្ខពួករបស់គេនោះទេ ខណៈនោះយើងក៏បាន ធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទអិចស្តាស៊ីចំនួន១១,៦៨០គ្រាប់ ទម្ងន់ ៦kg ៥៤១ក្រាម និង៣២មីលីក្រាម។ ជនសង្ស័យ ដែលពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន មានឈ្មោះ អៅ មីង ភេទប្រុស អាយុ 30ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ៕