ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងកូរ៉េ គិតគូរលើការ អភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន

138


ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងពីការពង្រឺង និងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែល្អ ជាពិេសសលើវិស័យបរិស្ថាន។

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានលើកឡើង ពីគោលបំណងពិនិត្យមើលការពង្រឺង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែល្អប្រសើរ។ លោក សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរនិងរីកចម្រើនយ៉ាងខ្លាំង គឺទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងស្ថិរភាពនយោបាយ និងសុខសន្តិភាព។ ខេត្តព្រះសីហនុ កំពុងមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានគិតគូរលើការ អភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ដូចជានៅខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើការការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ជាទីក្រុងស្អាត ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ។

ក្នុងឱកាសនោះ លោក Oh Nak Young បានបញ្ជាក់ពីគម្រោងផ្តល់បច្ចេកទេស លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃ ការអភិវឌ្ឍប្រកបដោយនិរន្តភាព ដែលក្នុងនោះក្រុមការងារ នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ និងមានកិច្ចសហការគ្នា ដើម្បីរៀបចំផែនការ បានល្អ។

សូមបញ្ជាក់ថា លោក សាយ សំអាល់ និង លោក Oh Nak Young ក៏បានពិភាក្សាគ្នាផងដែរ ទាក់ទងនឹងកិច្ចសហការ លើការអភិរក្សជីវៈចម្រុះនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង