ការដ្ឋានកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់អង្កការចៃនៅតំបន់ខាងជើងវត្តភ្នំជាង៤គីឡូម៉ែត្រសម្រេចបានលទ្ធផលគួរអោយកត់សំគាល់
ភ្នំពេញ៖គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ដែលជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសជប៉ុនតាមរយៈអង្កការចៃកានៅតំបន់ខាងជើងវត្តភ្នំជាង៤គីឡូម៉ែត្រមកដល់ពេលនេះការងារទាំងមូលសម្រេចបានលទ្ធផលគួរអោយកត់សំគាល់។
លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថាការងារដាក់លូនៅតំបន់ខាងជើងវត្តភ្នំដែលជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសជប៉ុនតាមរយៈអង្កការចៃកាមានចំនួន៦ផ្លូវគឺផ្លូវលេខ៤៧, ៨៤, ៩០, ៩២, ៩២និង១៩ប្រវែងសរុបប្រវែង៤៣៩២ម៉ែត្រ។
លោកបន្តថាជំហានទី១នេះយើងដាក់លូចំនួន៣ផ្លូវគឺផ្លូវលេខ៤៧១៩និង៨៨ដែលមានលូមូលទំហំចាប់១,២ម៉ែត្រដល់២ម៉ែត្រនិងលូប្រអប់ទំហំ២ម៉ែត្រគុណនិង២ម៉ែត្រប្រវែងសរុប១២៨០ម៉ែត្រ។
លោកបញ្ជាក់ថាការដ្ឋាននេះយើងបានចាប់ផ្តើមពីខែមិនាឆ្នាំ២០១៩ដល់ខែកញ្ញាឆ្នាំ២០២០។
គួរបញ្ជាក់ថាគម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤នេះមានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ។គម្រោងនេះនឹងអនុវត្តការដ្ឋានដូចខាងក្រោមក្នុងនោះរួមមាន៖១–ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកប្រវែង៨.២គីឡូម៉ែត្រ ២–ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង៤.៤គីឡូម៉ែត្រ។
៣–សាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC។
៤–តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខព្រះគន្លង់១ព្រះគន្លង់២និងផ្សារចាស់
៥–ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង។
ពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហ៊ានទី៤នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកថាគម្រោងនេះគឺបានផ្តោតទៅលើការងារសំខាន់ៗដូចជាការងាររំដោះទឹកចែកចេញដែលគោលបំណងធំឬអត្ថប្រយោជន៍ធំទទួលបាននៅផ្នែកខាងជើងវត្តភ្នំពិសេសនៅតំបន់អមផ្លូវលេខ៤៧ដោយចាប់ពីវត្តភ្នំរហូតទៅដល់រង្វង់មូលគួចកាណុងដែលមានផ្ទៃប្រមាណជិត៧០ហិកតាដែលនឹងត្រូវរៀបចំនិងគិតគូរឲ្យមានជាស្ថានីយ៍បូមទឹកមួយកន្លែងដែលស្ថានីយ៍បូមទឹកនេះជាស្ថានីយ៍ទី៥ស្របតាមមាត់ទន្លេមានទីតាំងនៅទល់មុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច(CDC)។នៅក្នុងស្ថានីយ៍បូមទឹកនេះនឹងរៀបចំឲ្យមានអាងស្តុកទឹកក្រោមដីដែលមានសមត្ថភាពអាចស្តុកទឹកប្រមាណ៦.០០០ម៉ែត្រ
គូបមុននឹងធ្វើការបូមទម្លាក់ទឹកភ្លៀងពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។បន្ថែមពីការរៀបចំស្ថានីយ៍បូមទឹកនេះនឹងមានការដំឡើងជាម៉ាស៊ីនចាប់យកសំរាមដោយស្វ័យប្រវត្តិដែលកិច្ចការនេះជាចំណែកមួយនៃគម្រោងជំហ៊ានទី៤ហើយគម្រោងនេះនឹងយកទៅបំពាក់នៅគ្រប់ស្ថានីយ៍ទាំង៤នៅជាប់មាត់ទន្លេគឺស្ថានីយ៍បូមទឹកផ្សារចាស់ស្ថានីយ៍ព្រះគម្លង់ស្ថានីយ៍ផ្សារកណ្តាលនិងស្ថានីយ៍ចតុមុខដែលជាស្ថានីយស្ថាបនារួចហើយតាំងពីគម្រោងជំហ៊ានទី២មកម្ល៉េះ។បន្ថែមឧបករណ៍កាយសំរាមដោយស្វ័យប្រវត្តិនៅក្នុងស្ថានីយ៍ទាំង៤លើគម្រោងជំហ៊ានទី៤នេះ។អត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹកនៅក្នុងតំបន់ទួលគោកស្ថិតក្នុងសង្កាត់បឹងកក់១សង្កាត់បឹងកក់២។ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូក្នុងទំហំចន្លោះចាប់ពី២ម៉ែត្រទី២,៥០ម៉ែត្រចម្ងាយប្រមាណជិត៧គីឡូម៉ែត្រនិងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។គម្រោងទាំង២នេះគឺអាចធ្វើការរំដោះឬដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងបានមួយភាគបន្ថែមទៀតនៅក្នុងតំបន់ខាងលើនេះហើយនេះជាចំណែកមួយនៃជំហ៊ានទី៤នៃគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូដែលនឹងត្រូវអនុវត្តន៍និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕