អាជីវកម្មជីកយកដីក្រហម លក់ផ្អើលស្រុកហើយ ទើបជំនាញចុះបិទ ថាគ្មានច្បាប់អនុញ្ញាត
សៀមរាប៖ កម្លាំងការិយាល័យសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញ និងកម្លាំងចម្រុះមូលដ្ឋានស្រុកវ៉ារិន បង្ក្រាបទីតាំងការដ្ឋានកាយយកដីក្រហម០១កន្លែង គ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ ស្ថិតនៅចំណុចអន្លង់ត្រាង ភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥៨នាទីព្រឹក។
លោកវរសេនីយ៍ឯក សឿន សេន ប្រធានការិយាល័យសេដ្ឋកិច្ច បានបញ្ជាក់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើចំណាត់ការ ទៅលើម្ចាស់ទីតាំងដូចជា៖
១. ធ្វើកំណត់ហេតុបិទទីតាំងការដ្ឋានជាបណ្តោះអាសន្ន ដើម្បីអោយម្ចាស់ចូលខ្លួន ដើម្បីធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុលោមទៅតាម ច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ព្រមទាំងដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវពីស្ថាប័នជំនាញទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ។
២. ធ្វើកំណត់ហេតុចាប់យកវត្ថុតាងៈ
- រថយន្តកង់ដប់ ម៉ាក HINO ០១គ្រឿង ។
- រថយន្តកង់ដប់ពីរ ម៉ាក HYUNDAI ០២គ្រឿង ។
- អេស្កាវ៉ាទ័រ ម៉ាក KOMAT’SU ០១គ្រឿង។
៣.នាំខ្លួនកម្មករបើកគ្រឿងចក្រ និងអ្នកធ្វើការនៅក្នុងការដ្ឋាន ០៥នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន។ ក្រោយពេលសួរនាំរួច បច្ចុប្បន្នកម្មករទាំង ០៥នាក់បានធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបានឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ រីឯវត្ថុតាងរថយន្ត០៣គ្រឿង សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន ចំពោះអេស្កាវ៉ាទ័រកាយដី ០១គ្រឿង បានរក្សាទុកនៅទីតាំងការដ្ឋាន ៕