សូម្បីដីសាលាក្នុងខេត្តព្រះសីហនុ ក៏ត្រូវគេឃុបឃិតចែកគ្នា កាន់កាប់ជាឡូតិ៍ៗ យ៉ាងអនាធិបតេយ្យដែរ
ព្រះសីហនុៈ ខណៈបច្ចុប្បន្ននេះ តម្លៃដីនៅខេត្តព្រះសីហនុ កំពុងមានការឡើងថ្លៃ ហើយមតិមហាជនបានលើកឡើងថា ដីនៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ កំពុងត្រូវបានគេឃុបឃិតគ្នា រំលោភចែកជាឡូតិ៍ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលប្រភពបានបញ្ជាក់ថា ប្រហែលជាមានការឃុបឃិតគ្នារវាងប្រធានមន្ទីរអប់រំយុវជន និងកីឡា នាយកសាលា រួមជាមួយលោកគ្រូ អ្នកគ្រូ ទើបធ្វើឲ្យមានការបែងចែកដីឡូតិ៍របស់សាលា ដែលជាដីរបស់រដ្ឋ ដោយមានការសង់ផ្ទះ និងបែងចែកជាឡូតិ៍យ៉ាងអនាធិបតេយ្យដូចនេះ។ នេះបើតាមការចុះផ្សាយលើវេបសាយរបស់លោកវីល្លាមប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃទី 5 ខែមិថុនា។
ជុំវិញករណីលោកគ្រូ អ្នកគ្រូ ចាប់ដីសាលាបឋមសិក្សា ហ៊ុន សែនខាងលើនេះ លោកនាយកសាលា បានឲ្យដឹងថា គឺលោកពុំមានការឃុបឃិតនោះឡើយ ហើយលោកក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់នោះ បញ្ឈប់សកម្មភាព ព្រោះថា ដីនេះជាដីរបស់រដ្ឋ មិនអាចអោយទៅបុគ្គលណាបានឡើយ ហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរក្រុងខេត្ត ដើម្បីជូនជ្រាបផងដែរ។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានលើកឡើងថា ជុំវិញករណីលោកគ្រូ អ្នកគ្រូចំនួន៤២នាក់ បានស្នើសុំមកមន្ទីរ សុំដីរបស់សាលានោះ គឺលោកមិនអនុញ្ញាតនោះទេ ព្រោះដីនេះជាដីរបស់សាលា និងជាដីរបស់រដ្ឋ ហើយលោកក៏បានបដិសេធ ជុំវិញបញ្ហាការលើកឡើងថា មានការឃុបឃិតពីមន្ទីរអប់រំ ជាមួយនឹងលោកគ្រូ អ្នកគ្រូ ក្នុងការចែកដីរបស់រដ្ឋនោះដែរ ហើយជុំវិញបញ្ហានេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានចុះមកពិនិត្យទីតាំងជាក់ស្ដែង និងពន្យល់ណែនាំទៅដល់លោកគ្រូ អ្នកគ្រូដែលមានបំណងស្នើសុំចង់បានដីរបស់សាលានោះ ក៏លោកអភិបាលមិនអនុញ្ញាតដែរ ព្រោះដីនេះជាដីជាប់អាំងទែរបស់រដ្ឋ។
ទោះបីមានការបដិសេធក្នុងការស្នើសុំរបស់លោកគ្រូ អ្នកគ្រូទាំង៤២នាក់ ពីនាយកសាលារហូតដល់អាជ្ញាធរខេត្តយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ដីនៅទីតាំងដែលកំពុងតែមានការរំលោភនេះ កំពុងតែបន្តធ្វើសកម្មភាព ដូចជាការកសាងផ្ទះ និងបែងចែកជាឡូតិ៍ៗ កំពុងតែបន្តសកម្មភាពរបស់ខ្លួន ដោយមិនមានការខ្លាចញញើតជាមួយនឹងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរនោះឡើយ។
ដូចនេះជុំវិញបញ្ហាការរំលោភបំពានដីរបស់សាលានេះ បើអាជ្ញាធរនៅតែបណ្ដែតបណ្ដោយមិនមានការដោះស្រាយនោះទេ ធ្វើឲ្យមតិមហាជនក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលនៅសាលាផ្សេងៗទៀត ក៏អាចនឹងមានការកើតឡើងក្នុងការរំលោភបំពានដីរបស់សាលា ដូចសាលាបឋមសិក្សា ហ៊ុន សែនក្រុងនេះដែរ ព្រោះថាដីរបស់សាលា គឺមានទីធ្លាធំទូលាយស្ទើរតែគ្រប់ទីកន្លែង ដូចនេះបើអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការទប់ស្កាត់នោះទេ នឹងជួបបញ្ហានៅសាលាផ្សេងៗទៀតជាក់ជាមិនខាន៕