អភិបាលខេត្តកំពង់ចាម ដកតួនាទីមេប៉ុស្ដិ៍ម្នាក់ ក្រោយរារាំងពលរដ្ឋមិនឲ្យហូបនំបញ្ចុក
កំពង់ចាម៖ នៅថ្ងៃយប់ថ្ងៃទី៦ ខែមិថុនា នេះ លោក គួច ចំរេីន ចៅហ្វាយ ខេត្ត កំពង់ចាម និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ហើយក្រោយចុះទៅរារាំង សិទ្ធិសេរីភាពរបស់ ប្រជាជន ក្នុងការហូបនុំបញ្ចុក។
នេះបើតាមលោកអភិបាលខេត្ត បានសរសេរ បញ្ជាក់លេីហ្វេសប៊ុកថា “ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការ សោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត “។
លោក គួច ចំរេីន អំពាវនាវ ដល់បងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ។
សូមជម្រាបជូនថា ការសម្រេចដកតួនាទី លោកមេប៉ុស្ដិ៍រដ្ឋបាល ឃុំពាមប្រធ្នោះនេះក្រោយពីមានការបង្ហោះវីដេអូនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០១៩ ដោយបានរៀបរាប់ថា ខេត្តកំពង់ចាម ស្រុកកោះសូទិន អាជ្ញាធរស្រុក ហាមឃាត់អតីតថ្នាក់ដឹកនាំ សកម្មជន និងម្ចាស់ឆ្នោតបក្សសង្គ្រោះជាតិ ដែលបានក្លាយ ទៅជាប្រជាពលេដ្ឋហើយនោះ មិនឲ្យហូបនំបញ្ចុកជុំគ្នាទេ ដោយយកលេសថា មិនបានសុំច្បាប់។
ការជួបជុំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនៃឃុំមួយ ក្នុងស្រុកកោះសុទិន ដើម្បី ទទួលទាននំបញ្ចុករួមគ្នា ត្រូវបានអាជ្ញាធរហាមឃាត់ ជាមួយនិងការខលហៅកម្លាំងមកបន្ថែមបន្ទាប់ពី ការហាមឃាត់ការទទួលទាននំបញ្ចុកនោះ ត្រូវបរាជ័យ។
តាមគណនីយហ្វេសប៊ុកមួយឈ្មោះ ថាន សូរិទ្ធ (Than Sorith) បានសរសេរដូច្នេះថា «06-6-19 ខេត្តកំពង់ចាម ស្រុកកោះសូទិន អាជ្ញាធរស្រុក ហាមឃាត់ប្រជាពលេដ្ឋ មិនឲ្យហូបនំបញ្ចុក ដោយសារមិនបានសុំច្បាប់»។
ជាមួយគ្នានេះ គណនីយហ្វេសប៊ុកដដែល ក៏បានផុសនូវឃ្លិបវីដេអូដែលមាន រយៈពេលប្រមាណជាង៣នាទី ដោយមានសម្លេងអាជ្ញាធរ ជាសមត្ថកិច្ច បញ្ជាក់ឲ្យផ្អាក ឬបញ្ឈប់ ការហូបនាំបញ្ជុករួមគ្នានោះ។ ឯប្រជាពលរដ្ឋ ពិសេសអ្នកដែលបានថតនូវវីដេអីឃ្លីបនោះ ហាក់ដូចជាចង់បង្ហាញពីចម្ងល់ថា ហេតុអ្វីហូបនំបញ្ចុកជុំបងប្អូន មិត្តភ័ក្រនៅក្នុងផ្ទះសោះ ត្រូវសុំច្បាប់?។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាកថា ចង់ហូបនំបញ្ចុកពេលណាក៏បាន ដោយមិនចាំរង់ដល់ថ្ងៃទី៩មិថុនានោះទេ ហើយដល់ថ្ងៃនោះ អាចហូបជុំគ្នាម្តងទៀង។
ផ្ទះដែលធ្វើកម្មវិធីសម្រាប់ការហូបនំបញ្ចុក គឺផ្ទះដែលមានម្ចាស់ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម។
អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ចាម អះអាងថា អាជ្ញាធរមូលដ្ឋានបានចុះ មកហាមឃាត់ពួកគាត់ មិនឱ្យជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬជូនដំណឹងទៅអាជ្ញាធរជាមុន។
អតីតមេឃុំពាមប្រធ្នោះ ស្រុកកោះសូទិន មកពីគណបក្សសង្រ្គោះជាតិ និងជាម្ចាស់ផ្ទះរៀបចំពិធីហូបនំបញ្ចុកនោះ លោក សេក សណ្តាប់ អះអាងថា ទោះបីជានគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិមានគ្នាប្រមាណ ៦នាក់ ចុះមកហាមឃាត់ ការហូបនំបញ្ចុករបស់ពួកគាត់ក៏ដោយ ប៉ុន្តែ ពួកលោកនៅតែបន្តហូបរហូតដល់ចប់។
លោកបន្តថា សកម្មភាពហាមឃាត់របស់សមត្ថកិច្ច មកលើពួកគាត់ពេលនេះ បង្ហាញពីភាពភ័យខ្លាច និងការដឹកនាំបែបផ្តាច់ការ របស់អាជ្ញាធរមូលដ្ឋាន ទៅលើពលរដ្ឋ។
លោក សេក សណ្តាប់ មានប្រសាសន៍ថា៖ «សុំស្នើអាជ្ញាធរមានសមត្ថកិច្ច មុននឹងធ្វើអ្វីត្រូវចេះពិចារណា។ យើងជាជាតិខ្មែរដូចគ្នា កុំមើលតែកំហុសខ្មែរគ្នាឯង ហើយកំហុសបរទេសមានយួន មានចិន ដែលបានធ្វើខុស មកលើពលរដ្ឋខ្មែរ រំលោភ ដោយមានឃើញ មានការកាយផ្លូវកាយអី នៅកំពង់សោម អត់ហ៊ានចុះទៅជួបគេទេ។ កុំបានតែខ្មែរគ្នាឯងពេក»។
ពិធីហូបនំបញ្ចុកនេះ លោក សេក សណ្តាប់ អះអាងថា មានចំនួនអ្នកចូលរួមប្រមាណ ៤០នាក់ និងមាននំបញ្ចុកចំនួន ៣០គីឡូក្រាម៕