ក្រុមហ៊ុនថ្នាំជក់ នៅតែធ្វើការផ្សព្វផ្សាយ ពីផលិតផលរបស់ខ្លួន តាមគ្រប់មធ្យោបាយ
ភ្នំពេញ៖ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យាបានលើកឡើងថា ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ គឺពុំទាន់មានការអភិវឌ្ឍនិងត្រួតពិនិត្យ បានពេញលេញនៅឡើយទេ គឺក្រុមហ៊ុនថ្នាំជក់ នៅតែធ្វើការផ្សព្វផ្សាយ ពីផលិតផលរបស់ខ្លួន តាមគ្រប់មធ្យោបាយ។
ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោក បានចេញផ្សាយរបាយការណ៍ ស្ដីពីការអង្គអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីព្រឹកថ្ងៃទី 7 ខែមិថុនាឆ្នាំ 2019 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ។
យោងតាមរបាយការណ៍របស់លោកកែវ សុវណ្ណតារា បានថ្លែងថា ការចុះសិក្សាស្រាវជ្រាវ បានជ្រើសរើសដោយយកអ្នកចូលរួមចំនួន 400 នៅក្នុងខណ្ឌចំនួនបី នៅក្នុងរាជធានីភ្នំពេញ និងក្រុងស្រុកចំនួន 12 នៅក្នុងខេត្តសៀមរាប កំពង់ចាម ព្រៃវែង និងស្វាយរៀង ចន្លោះពីថ្ងៃទី 1 វិច្ឆិកាដល់ថ្ងៃទី 30 ខែធ្នូឆ្នាំ 2018។ កន្លែងដែលចុះអង្កេតមានហាងលក់គ្រឿងទេស ហាងលក់កាហ្វេ ភោជនីយដ្ឋាន ការ៉ាសសាំង មណ្ឌលសុខភាព សណ្ឋាគារ ផ្ទះសំណាក់ សាលារៀន មន្ទីរសុខាភិបាល មន្ទីរពិសោធន៍ ពេទ្យបង្អែកខេត្ត មន្ទីរអប់រំ សាលាក្រុង ស្រុក ផ្សារទំនើប ប៉ុស្ត៍ប៉ូលីស ស្នងការដ្ឋានអាវុធហត្ថ សួនច្បារសាធារណៈ សាលាសង្កាត់ សាលាឃុំ វត្តអារាម ផ្សារធម្មតា ផ្សាររាត្រី ចំណតរថយន្ត ទីធ្លាសម្រាប់ក្មេងលេងកំសាន្ដ និងក្លឹបហាត់ប្រាណជាដើម។ លោកបានលើកឡើងទៀតថា តាមរយៈលទ្ធផល នៃការស្រាវជ្រាវបានថា ឲ្យឃើញថា ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅក្នុងប្រទេសកម្ពុជា នៅតែបំពានច្បាប់ ត្រួតពិនិត្យផលិតផលថ្នាំជក់ របស់ប្រទេសកម្ពុជា អនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងពាក់ព័ន្ធ ដូច្នេះអ្នកស្រាវជ្រាវ សូមផ្ដល់ជាអនុសាសន៍មួយចំនួន ដូចជា រដ្ឋាភិបាលក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តច្បាប់អនុក្រឹត្យ និងប្រកាសឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយផាកពិន័យចំពោះម្ចាស់តូបលក់គ្រឿងទេស ភោជនីយដ្ឋានអាហារដ្ឋាន សណ្ឋាគារផ្ទះសំណាក់ ផ្សារទំនើបម៉ាត និងទីកន្លែងកម្សាន្ត ដែលមិនមានបិទស្លាកសញ្ញាហាមជក់បារី នៅក្នុងផ្ទះរបស់ខ្លួន បានត្រឹមត្រូវ ផាកពិន័យចំពោះក្រុមហ៊ុនថ្នាំជក់ណា ដែលនៅតែបន្ត ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់របស់ខ្លួន តាមគ្រប់មធ្យោបាយ ផាកពិន័យចំពោះក្រុមហ៊ុនថ្នាំជក់ ដែលនៅតែបន្តផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់របស់ខ្លួន តាមគ្រប់មធ្យោបាយ ផាកពិន័យឈ្មោះក្រុមហ៊ុនថ្នាំជក់ ដែលមិនបានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរបានត្រឹមត្រូវ នៅលើកញ្ចប់ផលិតផលថ្នាំជក់របស់ខ្លួននោះទេ ការពិន័យចំពោះក្រុមហ៊ុនថ្នាំជក់ណា ដែលមិនបានត្រឹមត្រូវ បិតតែមប្រិ៍ពន្ធរបស់រាជរដ្ឋាភិបាល ត្រឹមត្រូវនៅលើកញ្ចប់បារីនោះទេ។
លោកផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងក្នុងកម្មវិធីបង្ហាញ លទ្ធផលស្រាវជ្រាវ ស្ដីពីការអនុវត្តច្បាប់ ត្រួតពិនិត្យផលិតផលថ្នាំជក់ ។ លោកបានថ្លែងថា ថ្នាំជក់គឺជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្ដាល ស្លាប់មុនអាយុកំណត់។ ការប្រើប្រាស់ថ្នាំជក់ គឺជាមូលហេតុចម្បងនៃការស្លាប់ ដែលអាចការពារបាន នូវលើពិភពលោក និងជាកត្តាហានិភ័យចម្បង សម្រាប់ជំងឺមិនឆ្លងយ៉ាងកាចសាហាវចំនួន 4 គឺជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជម្ងឺសរសៃឈាមបេះដូងផងដែរ។ ថ្នាំជក់សម្លាប់មនុស្សច្រើនជាង 7 លាននាក់ ជារៀងរាល់ឆ្នាំ នៅលើពិភពលោក។ ច្រើនជាង 6 លានស្លាប់ ដោយការប្រើប្រាស់ថ្នាំជក់ផ្ទាល់ រួមទាំង៨៩០០០០ ទៀត ជាអ្នកមិនជក់បា រីដែលរងនូវការស្រូបផ្សែងបារីពីគេ។ លោកបានបន្ថែមថា ក្នុងមួយឆ្នាំៗ ថ្នាំជក់បណ្ដាល ឲ្យប្រជាពលរដ្ឋ 8 លាននាក់ស្លាប់ នៅលើពិភពលោក និងជិត 1 ម៉ឺននាក់នៅកម្ពុជា។ អ្នកស្លាប់ភាគច្រើន គឺជាអ្នកដែលមិនជក់បារី ដែលគ្រោះថ្នាក់នេះ អាចជៀសវាងបាន ប្រសិនបើយើងមានបរិស្ថានគ្មានផ្សែងបារី។
លោកបានបន្ថែមទៀតថា ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ គឺពុំទាន់មានការអភិវឌ្ឍ និងត្រួតពិនិត្យ បានពេញលេញនៅឡើយទេ ពោលគឺក្រុមហ៊ុនថ្នាំជក់ នៅតែធ្វើការផ្សព្វផ្សាយ ពីផលិតផលរបស់ខ្លួន តាមគ្រប់មធ្យោបាយ ការដាក់តាំងលក់ ការដាក់រូបភាព និងអក្សរជាសារព្រមានសុខភាព នៅលើកញ្ចប់បារី និងបិតតែមពន្ធរបស់រដ្ឋាភិបាល គឺពុំទាន់គ្រប់លក្ខណៈនៅឡើយ ដែលជាឧបសគ្គរារាំង ដល់ការកាត់បន្ថយ ចំនួនប្រជាពលរដ្ឋតែស្លាប់ ពីការនឹងកើតជំងឺ បណ្ដាលមកពីការប្រើប្រាស់ ផលិតផលថ្នាំជក់។ ការស្រាវជ្រាវ គឺពិតជាមានសារសំខាន់ សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការទទួលបានភស្តុតាង ក្នុងការធ្វើការសម្រេចចិត្ត ក៏ដូចជាបង្កើតជាគោលនយោបាយ ឬត្រួតពិនិត្យវាយតម្លៃ ទៅលើការអនុវត្តច្បាប់ជាដើម។ វាជាការចាំបាច់ណាស់ ក្នុងការធ្វើការសិក្សាស្រាវជ្រាវ អង្កេតពីការអនុវត្តច្បាប់ ត្រួតពិនិត្យលទ្ធផលថ្នាំជក់ ដើម្បីពិនិត្យវាយតម្លៃ ទៅលើការអនុវត្តច្បាប់ ត្រួតពិនិត្យផលិតផលថ្នាំជក់ របស់ក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ នៅកម្ពុជា។ តាមរយៈការសិក្សាអង្កេតនេះ នឹងជួយឲ្យរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ជាសេនាធិការ ក្នុងការពង្រឹងការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឲ្យមានប្រសិទ្ធភាព តាមរយៈយន្តការផាកពិន័យ ដល់ក្រុមហ៊ុនថ្នាំជក់ ដែលមិនគោរពតាមច្បាប់។
លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ថ្នាំជក់បង្កឱ្យមានជំងឺមហារីក ជំងឺផ្សេងៗ និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងអ្នកនៅជិតខាង។ បារីដែលលក់នៅលើទីផ្សារ ត្រូវមានបិទតែមពន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាល បានចំណូលពន្ធលើផលិតផលថ្នាំជក់ យកទៅអភិវឌ្ឍវិស័យផ្សេងៗ នឹងកាត់បន្ថយ អ្នកប្រើប្រាស់ថ្នាំជក់ផង។ លោកបានលើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជា 30 នាក់ បានស្លាប់ក្នុងមួយថ្ងៃ ដោយសារការប្រើប្រាស់ថ្នាំជក់ ហើយក្រសួងសុខាភិបាល រួមជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរួមគ្នាធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការប្រើប្រាស់ ផលិតផលថ្នាំជក់។
លោកយិល ដារាវុធ នាយកប្រតិបត្តិ អង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានដាក់ចេញតាំងពីឆ្នាំ 2015 មកហើយ មកដល់ពេលនេះ យើងចាំមើលថាតួលេខ ថាតើក្រុមហ៊ុនផលិតថ្នាំជក់ទាំងនោះ បានអនុវត្តយ៉ាងម៉េច ពាក់ព័ន្ធនឹងច្បាប់នេះ ទៅលើអ្វីដែលច្បាប់បានចេញ។ ការស្លាប់កាលពីឆ្នាំមុន មានប្រមាណ 7 លាននាក់ ប៉ុន្តែឆ្នាំនេះ កើនឡើងដល់ 8 លាននាក់ នៅលើពិភពលោក ហើយអ្នកដែលស្លាប់ ដោយសារស្រូបផ្សែងបារីពីគេ កើនដល់ 1លាន 2សែននាក់ មានការកើនឡើងខ្ពស់ជាងឆ្នាំមុន។ ចំណែកប្រទេសកម្ពុជា កាលពីឆ្នាំមុន អ្នកស្លាប់ដោយសារថ្នាំជក់ជាង 1ម៉ឺននាក់ ហើយនៅឆ្នាំនេះ អង្គការសុខភាពពិភពលោក នឹងចេញរបាយការណ៍នាពេលខាងមុខ ដោយបង្ហាញថា អ្នកស្លាប់ការដល់ 15000 នាក់ ក្នុងមួយឆ្នាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយយើងធ្វើយ៉ាងណា ដើម្បីរួមគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឲ្យអត្រាអ្នកស្លាប់ ដោយការជក់បារី មានការថយចុះ៕