ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៨គ្រួសារនៅស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌

62

កំពង់ចាម៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៨គ្រួសារនៅភូមិទូលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាមបានទទួលបានអំណោយមនុស្សធម៌ពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៨គ្រួសារ ក្នុងនោះមានរលំទាំងស្រុង៣ខ្នង-ផ្ទះ ដែលទ្រេត៥ខ្នង របើកដំបូល២០ខ្នង ដែលបានកើតឡើងកាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅថ្មីៗនេះ នៅភូមិទូលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក គួច ចំរើន ក្នុងឱកាសនោះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ហ៊ុន ណេង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកអភិបាលខេត្ត ក៏បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះ ជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ ចង់ជួបប្រទះនោះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចមិនសមល្មមនឹងការខាតបង់របស់បងប្អូនក៏ពិតមែន តែវាក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ”ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុង១គ្រួសារ អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១) មីយើង១កេស ទឹកស៊ីអ៊ីវ៦ដប ទឹកត្រី៦ដប និងត្រីខ១០កំប៉ុង។ ក្នុងនោះ ផ្ទះរលំទាំងស្រុង៣ខ្នង មាន៣គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា១លានរៀល។ ផ្ទះដែលទ្រេតចំនួន៥ខ្នង មាន៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា៣០ម៉ឺនរៀ់ល និងផ្ទះរបើកដំបូល២០ខ្នង មាន២០គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង