ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ នឹងក្លាយជាផលិតផលទេសចរណ៍ ដ៏ធំថ្មីមួយ ប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរ
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យគណៈប្រតិភូក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការរៀបចំនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងជំនួបពិភាក្សា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានគាំទ្រយ៉ាងពេញទំហឹង ដល់ការរៀបចំនូវព្រឹត្ដការណ៍ ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ ទាំងលើផ្នែកបច្ចេកទេសរៀបចំ ការងារសម្របសម្រួល ជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្ដរជាតិ។
លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ ដ៏ធំថ្មីមួយប្រចាំឆ្នាំ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយព្រឹត្ដិការណ៍ នឹងធ្វើការផ្សព្វផ្សាយ ទៅដល់ពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗនានា នៅក្នុងតំបន់ ដែលជាឱកាសដ៏មានតម្លៃ សម្រាប់ការផ្សព្វផ្សាយនូវ តំបន់ទេសចរណ៍ដ៏ទាក់ទាញទាំង ដែលមានស្រាប់ និងតំបន់ដែលមាន សក្ដានុពលទេសចរណ៍នានា ក្នុងខេត្ដតំបន់ឆ្នេរសមុទ្រ ទាំងបួនផងដែរ ដើម្បីឲ្យភ្ញៀវទេសចរ បានស្គាល់កាន់តែច្បាស់ និងមកលេងកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រកម្ពុជា កាន់តែច្រើន៕