ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតែមួយអាណត្តិនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានា មកពីគណបក្សនយោបាយក្រៅរដ្ឋសភា ដែលចូលរួមការបោះឆ្នោត នឹងមានត្រឹមតែអាណត្តិនេះប៉ុណ្ណោះ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើង តាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
សមាជិកឧត្តមក្រុមប្រឹក្សាមកពីគណបក្សនយោបាយនីមួយៗ ត្រូវបានប្រគល់ឋានៈស្មើទេសរដ្ឋមន្ត្រីសម្រាប់ប្រធានប្រតិភូ និងស្មើរដ្ឋមន្ត្រីសម្រាប់អនុប្រធានប្រតិភូ។ ប្រធានប្រតិភូនៃគណបក្សនយោបាយនីមួយៗត្រូវបានប្រគល់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលថែមទៀតផង។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
សមាជិកឧត្តមក្រុមប្រឹក្សពិគ្រោះ និងផ្តល់យោបល់ អាចចុះធ្វើសកម្មភាពពិនិត្យរាល់សកម្មភាពរបស់មន្ត្រីជាក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធម៌ថ្នាក់ក្រោមជាតិ ហើយក៏អាចកោះហៅមកសួរនាំលើរឿងរ៉ាវផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពបម្រើសង្គមជាតិ និងប្រជាជនផងដែរ៕