សម្ដេចហ៊ុន សែន និងសម្ដេច ស ខេង កំពុងឲ្យមេធាវីសិក្សា ផ្នែកច្បាប់ ដាក់ពាក្យបណ្ដឹង ទណ្ឌិតសមរង្ស៊ី ទៅតុលាការបារាំង
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី៧មិថុនា បានឲ្យដឹងថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេច ស ខេង កំពុងឲ្យមេធាវីសិក្សាផ្នែកច្បាប់ ដាក់ពាក្យបណ្ដឹងទៅតុលាការបារាំង ដើម្បីប្ដឹងលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លើករណីប្រមាថ និងចោទប្រកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល លើករណីពីរផ្សេងគ្នា គឺមានគម្រោងផ្ដួលរំលំរដ្ឋាភិបាល និងធ្វើបក្សប្រហារទម្លាក់សម្ដេចនាយករដ្ឋមន្ត្រី និងករណីចោទសម្តេចតេជោថាជាអ្នកសម្លាប់លោក ហុង ឡង់ឌី។
លោក ផៃ ស៊ីផាន បានប្រាប់ថា មេធាវីរដ្ឋាភិបាល កំពុងពិនិត្យមើលទិដ្ឋភាពច្បាប់ប្ដឹងលោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីចោទប្រកាន់សម្ដេច ហ៊ុន សែន នៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។ ចំណែកពាក្យបណ្ដឹងមួយទៀត គឹគ្រោងប្ដឹងដោយសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញករណីដែលមេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ និយាយថា សម្ដេច ស ខេង មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល និងធ្វើបក្សប្រហារទម្លាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង កំពុងសិក្សារៀបចំឯកសារប្ដឹង សម រង្ស៊ី នៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌ជាសកល ជូនសម្ដេចទាំងពីរ ដែល សម រង្ស៊ី បានចោទប្រកាន់ថាជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី។
អ្នកនាំពាក្យ បានបញ្ជាក់ដូច្នេះថា “សម្ដេចទាំងពីរបាន ឲ្យមេធាវីសិក្សាផ្នែកច្បាប់ ដើម្បីស្វែងរកយុត្តិធម៌សាកលមួយ ក្នុងករណីស្លាប់របស់លោក ហុក ឡង់ឌី ដែលលោក សម រង្ស៊ី ចោទប្រកាន់លើសម្ដេចថា ជាអ្នកសម្លាប់។ ចំណែកសម្ដេច ស ខេង គាត់ប្ដឹងលោក សម រង្ស៊ី ដែលចោទសម្ដេចថា មានផែនការផ្ដួលរំលំរដ្ឋាភិបាល និងសម្ដេច ហ៊ុន សែន”។
កាលពីថ្ងៃទី២ មិថុនា លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថា សម្ដេច ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរលើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨។ លោក សម រង្ស៊ី ថែមទាំងអះអាងថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្តសម្លាប់លោក ហុក ឡង់ឌី ដោយសារតែអតីតស្នងការនគរបាលជាតិរូបនេះ បានដឹងរឿងអាក្រក់របស់សម្ដេច ហ៊ុន សែន ច្រើនពេក។ ជាពិសេសកាលណោះលោក ហុក ឡង់ឌី ត្រៀមលាតត្រដាងអំពីបញ្ជា ដែលគាត់បានទទួលពីសម្ដេច ហ៊ុន សែន ឲ្យសម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ខ្លាំងក្លាមួយរូប កាលពីឆ្នាំ ២០០៤ជាដើម។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសបបួលទណ្ឌិត សម រង្ស៉ី ចេញមកស្បថដាក់ជីវិតខ្លួនឯង ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងមនុស្សជំនិត១០០នាក់ផងដែរ ដើម្បីធ្វើឱ្យច្បាស់ថា តើអ្វីដែល សម រង្ស៊ី លើកឡើងនោះជាការពិត ឬយ៉ាងណា? តែទីបំផុតទណ្ឌិតក្បត់ជាតិរូបនេះ នៅតែមិនហ៊ានស្បថដាក់ជីវិតជាមួយបុរសខ្លាំងនៃកម្ពុជា ព្រោះតែខ្លាចងាប់ចោលលោកា ចោលឆ្អឹងក្រៅប្រទេស។
ជាការឆ្លើយតបវិញ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៊ី បាននិយាយថា សម្តេចតេជោ តែងតែយកពិធីស្បថស្បែមកលេងសើច…ស្បថគ្រាន់តែវិធីបែបកូនក្មេងតែប៉ុណ្ណោះ និងបានព្យាយាមនិយាយទាញ យកហេតុផលផ្សេង ដើម្បីបង្វែ និងបន្លំភាពកំសាករបស់ខ្លួនជំនួស។ តើការស្បថជាវិធីរបស់កូនក្មេង ឬព្រោះតែខ្លាចចាញ់សម្បថ លើសម្តីរបស់ខ្លួនស្លាប់ចោលភពផែនដី?៕