ករណីបង្ក្រាបក្លឹបកម្សាន្ដ «លុច្សសារី» ដែលបានឃាត់មនុស្សជាង៤០០នាក់ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងសុំដីកា ចាប់ខ្លួនម្ចាស់ក្លឹប
ភ្នំពេញ ៖ ករណីបង្ក្រាបក្លឹបកម្សាន្ដ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ និងបានឃាត់មនុស្សភាគច្រើនជាជនជាតិចិននិងវៀតណាមជាង៤០០នាក់នោះ មកដល់ពេលនេះសមត្ថកិច្ចប៉ូលីសរាជធានីភ្នំពេញ បាននឹងកំពុងសុំដីកាចាប់ខ្លួនម្ចាស់ក្លឹបកំសាន្តនេះហើយ ។
នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នាឱកាសដែលលោកអញ្ជើញដឹកនាំកម្មករ កម្មការិនី ជិត២០០០នាក់ហូបនំបញ្ចុកសាមគ្គីជាតិ ក្នុងបរិវេនវត្តជម្ពូរវ័ន្តខណ្ឌពោធិ៍សែនជ័យ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ «លុច្សសារី» ក្រោយពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបាន កាលពីយប់ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀននិងមានការឃាត់ខ្លួនមនុស្សរហូតដល់ជាង ៤០០នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងទៅអាជ្ញាធរធ្លាប់បានណែនាំ ជាច្រើនលើក ច្រើនសារហើយ ដល់ម្ចាស់ទីតាំងក្លឹបកម្សាន្ដខាងលើនេះ ប៉ុន្ដែហាក់គ្មានប្រសិទ្ធភាពនោះទេ ពោលគឺ ម្ចាស់ទីតាំងនៅបន្ដបើកដដែល មិនថា ពេលយប់ ឬ ថ្ងៃនោះទេ ដោយបានបង្កអោយមានការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ជាងនេះទៅទៀត ប៉ុន្មានថ្ងៃមុននេះបានឈានដល់មានករណីបាញ់បោះថែមទៀត ទើបឈានដល់ការបង្ក្រាបតែម្តង ហើយនៅពេលនេះយើងបាននិងកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ម្ចាស់ក្លឹបយកផ្តន្ទាទោសតាមច្បាប់»។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះសមត្ថកិច្ចពាក់ព័ន្ធក៏មិនទាន់បានបង្ហាញអំពីអត្ដសញ្ញាណម្ចាស់ទីតាំងក្លឹប «លុច្សសារី» ថាឈ្មោះអ្វី ហើយមានតួនាទីអ្វីនោះទេ។
គួរជម្រាបថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» ដោយបានរកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រើនជនជាតិចិន និងវៀតណាម។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ។
គួរបញ្ជាក់ទៀតថា ក្លឹបលុច្សសារីដែលមានទីតាំងផ្ទះលេខ៤៦ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះចុះពិនិត្យនិងបិទអាជីវកម្មបណ្ដោះអាសន្ន នាវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩ហើយ ព្រមទាំងដកហូតថ្នាំញៀនជាច្រើនសន្ធឹកសន្ធាប់ផងដែរ មានដូចជា ១ ក្រាមពណ៌សថ្លាចំនួន សង្ស័យជាគ្រឿងញៀនចំនួន២៦កញ្ចប់តូច។២ សំបកថង់ប្លាស្ទីច ច្រកក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់តូច។៣ ម្សៅម៉ត់ពណ៌ដីសង្ស័យជាគ្រឿងញៀនចំនួន០១កូនថង់តូច។៤ ថ្នាំគ្រាប់ម៉ាកLVចំនួន១១គ្រាប់។៥ ថ្នាំគ្រាប់ពណ៌លឿងចំនួន១៨គ្រាប់។៦ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១។៧ ថ្នាំគ្រាប់ពណ៌ខ្លៅចំនួន០២គ្រាប់។៨ ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រចំនួន០៤គ្រាប់។៩ ថ្នាំគ្រាប់ម៉ាកហ្វាយពណ៌ក្រហមចំនួន១១គ្រាប់។១០ សំបកដបជ័រចំនួន០១។១១ សោររថយន្តចំនួន០២។ ១២ កាតគ្រីម៉ូតូចំនួន០២។១៣ អត្តសញ្ញាណបណ័ចំនួន០១ ។ ១៤ កែវមានជាប់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១៕