លោកអនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន ត្រូវដកបញ្ឈរជើង និងពិន័យកងកម្លាំង ដោយសារ បានផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី 11 ខែមិថុនានេះ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកអនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បានផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរ ដើម្បីបំភ្លឺទៅលើហេតុការណ៍។ លើសពីនេះ មន្ត្រីរូបនេះ ត្រូវប្រឈម ក្នុងការដាក់វិន័យកងកម្លាំងទៀតផង។
លោកឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី 11 ខែមីនាឆ្នាំ 2019 នេះបានចេញលិខិតបង្គាប់ការ ស្ដីពីការផ្អាកការងារបណ្ដោះអាសន្ន មន្ត្រីនគរបាលជាតិមួយរូប គឺលោកអនុសេនីយ៍ឯកស៊ីម ប៊ុនធឿន ឋានៈនាយរងផ្នែកការពារ និងអន្តរាគមន៍ ចំណុះអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមូលហេតុផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃ តាមការកំណត់។ លោកឧត្តមសេនីយ៍ឯកស ថេត ក៏បានបង្គាប់ឲ្យលោកអនុសេនីយ៍ឯករូបនោះ ត្រូវមកបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕