យន្តហោះយោធាឥណ្ឌា AN-32 ដឹកមនុស្ស១៣នាក់ ដែលធ្លាក់មួយសប្ដាហ៍មុន នោះ រកឃើញហើយ
កងទ័ពឥណ្ឌាបានប្រកាសថា យន្តហោះយោធាដឹកជញ្ជូនធុន AN-32 ដែលធ្លាក់កាលពីជាងមួយសប្តាហ៍មុន ត្រូវបានគេរកឃើញបំណែករបស់វាហើយ។ នេះយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមិថុនា យន្តហោះ បានចេញដំណើរពីរដ្ឋ Jorhat ដើម្បីឆ្ពោះទៅកាន់រដ្ឋ Arunachal Pradesh ដែលនៅក្បែរគ្នា ហើយត្រូវចុះចតនៅព្រលានយន្តហោះយោធាមួយកន្លែង នៅក្បែរភូមិឈ្មោះថា Mechuka នាមួយម៉ោងក្រោយ ប៉ុន្តែការទាក់ទងជាមួយយន្តហោះ ក៏ស្រាប់បានដាច់ ដែលជាហេតុនាំឲ្យមាន ការចេញប្រតិបត្តិការរុករកទ្រង់ទ្រាយធំភ្លាមៗ។
យន្តហោះខាងលើត្រូវបានប្រទះឃើញ ក្នុងតំបន់មួយនៃរដ្ឋ Arunachal Pradesh នៅរយៈកម្ពស់ប្រមាណ៣៦០០ម៉ែត្រ ដោយឧទ្ធម្ភាគចក្រធុន Mi-17 របស់ទ័ពអាកាសឥណ្ឌា ដែលកំពុងតែធ្វើការរុករកកន្លែងវាធ្លាក់។ ការរកឃើញនេះ កើតមានឡើងនៅថ្ងៃទី៨ បន្ទាប់ពីយន្តហោះប្រភេទដឹកជញ្ជូន AN-32 មួយគ្រឿងនោះ ដែលមានផ្ទុកមនុស្ស១៣នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា៕