នគរបាលចាប់ឃាតករម្នាក់ ជាក្មួយ យកឈើជ្រុង វាយសម្លាប់ពូបង្កើត បែកលលាដ៍ក្បាល
ភ្នំពេញ៖ នគរបាលប៉ុស្ដិ៍គោករកា នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឃាតករម្នាក់ ជាក្មួយ បានយកឈើជ្រុង វាយទៅលើពូបង្កើតរបស់ខ្លួន ចំកណ្ដាលក្បាលផុងលលាដ៍ បណ្ដាលឲ្យស្លាប់។
ជនសង្ស័យជាក្មួយ ឈ្មោះ ហេង ចាន់សុផល អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ពិការកជើង។ ឯជនរងគ្រោះជាពូឈ្មោះ កែម គីរីវុទ្ធ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កកង់បី។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រៃកព្នៅ បានឲ្យដឹងថា បន្ទាប់បង្កហេតុភ្លាមៗ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅត្រង់ចំណុចតាមផ្លូវលំ ខាងមុខផ្ទះគ្មានលេខមួយកន្លែង ស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាវេលាម៉ោង១៥៖៥០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
លោកអធិការខណ្ឌព្រែកព្នៅ បញ្ជាក់ទៀតថា តាមការបំភ្លឺជុំវិញកន្លែងកើតហេតុ គួបផ្សំការពិនិត្យជាក់ស្តែង ដោយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ របស់គ្រូពេទ្យឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងក្រោយពីចាប់ខ្លួនបុរសជាក្មួយ ដើម្បីយកមកធ្វើការសាកសួរ ប៉ុន្មានម៉ោងក្រោយមក គេបានឆ្លើយសារភាព ថាពិតជាបានយកឈើជ្រុងពីពូ ហើយវាយទៅលើពូបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានចុះពីលើម៉ូតូរ៉ឺម៉កកង់បីរបស់ខ្លួន ហើយរើសឈើជ្រុងកាន់ដើរសំដៅមកគៀកជនសង្ស័យ ខណៈនោះធ្វើឲ្យជនសង្ស័យ ដណ្ដើមយកឈើជ្រុងពីពូបាន ហើយធ្វើសកម្មភាពវាយទៅលើពូ ចំក្បាលផ្នែកខាងឆ្វេង បណ្ដាលឲ្យហូរឈាមដួលសន្លប់។
បន្ទាប់ពីវាយពូរួច ជនសង្ស័យជាក្មួយ បានយកឈើជ្រុង ទៅលាក់ទុកនៅក្រោមគ្រែ និងសម្ងំដេកនៅក្នុងផ្ទះ មិនរត់នោះទេ។ ក្រោយកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ ដែលត្រូវជាម្ដាយមីង របស់ជនសង្ស័យ បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍ សហការជាមួយកម្លាំងការិយាល័យជំនាញ ដើម្បីចុះឡោមព័ទ្ធ ចាប់ខ្លួនជនសង្ស័យជាក្មួយតែម្ដង។