កម្ពុជានឹងដាក់កីឡាករ-ការិនី ពី២៤នាក់ទៅ៣០នាក់ សម្រាប់ការប្រកួតជើងឯកពិភពលោក
ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមដាក់កីឡាករកីឡាការិនីប្រហែលជា២៤នាក់ ទៅ៣០នាក់សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩ “6th Vivonam World Championships 2019” នាខែធ្នូ ខាងមុខខណៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាវ៉ូវីណាម កម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាទទួលបានការគាំទ្រពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ដល់២២ ខែធ្នូ ឆ្នាំ២០១៩នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ។
លោក កៅ មករា គ្រូបង្វឹកក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាវ៉ូវីណាមបានប្រាប់ឲ្យដឹងថា ការប្រកួត “6th Vivonam World Championships 2019” ក្នុងនាមម្ចាស់ផ្ទះកីឡាករ-កីឡាការិនីប្រហែលជា២៤នាក់ទៅ៣០នាក់ ក្នុងនោះយើងអាចចូលរួមលើ៣៨វិញ្ញាសាលើ៤២វិញ្ញាសា។
ជាមួយនឹងការត្រៀមខ្លួននេះនាពេលដ៏ខ្លីខាងមុខនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក៏ត្រៀមបញ្ជូនមួយចំនួនទៅធ្វើការហ្វឹកហាត់នៅប្រទេសវៀតណាម។
លោកបានបន្តថាសហព័ន្ធអាចបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជាប្រហែលជាចំនួន៩នាក់ទៅហ្វឹកហាត់ហើយ ហាត់តែវិញ្ញាសាថ្មីៗប៉ុណ្ណោះពិសេសវិញ្ញាសាសំដែងចំពោះវិញ្ញាសាប្រយុទ្ធយើងអាចហ្វឹកហាត់ក្នុងប្រទេសបាន ដោយសារមានគ្រូបង្វឹកជនជាតិវៀតណាមហើយ ប៉ុន្តែសព្វថ្ងៃនេះយើងមានការខ្វះខាតកន្លែងហ្វឹកហាត់យ៉ាងខ្លាំង។