ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលដែលប្រកាសលក់ដីក្នុងតំបន់អង្គរ ប្រឈមនឹងវិធានការច្បាប់

46

សៀមរាប៖ បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកអាច នឹងប្រឈមវិធានការផ្លូវច្បាប់ ប្រសិនបើមិនបញ្ឈប់។ នេះបើតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2019 នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន។

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងទៀតថា
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក​ (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់​។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត​ ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់ សាធារណជនដែលកេីតឡេីងពីការទិញដីធ្លី ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ​ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរ ដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ​ សូមកុំទិញឱ្យសោះ​ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ​ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១)​ និងជាតំបន់សម្បូររសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់ នឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕

អត្ថបទដែលជាប់ទាក់ទង