បណ្ដាញសហគមន៍ព្រៃឡង់ ស្នើអាជ្ញាធរពាក់ព័ន្ធចាត់វិធានការ ជាបន្ទាន់ស្របពេលដែលការកាប់ឈើ ក្នុងតំបន់ព្រៃឡង់ មានការកើនឡើងយ៉ាងខ្លាំង
បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី១៧ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំង ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធចំពោះរបាយការណ៍នេះ និងហៅការរាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត គឺកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ បានអះអាងថា ពួកគេមានកង្វល់យ៉ាងខ្លាំង ចំពោះការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលកំពុងកើតមានក្នុងតំបន់ព្រៃឡង់។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ខែមិថុនានេះ បណ្តាញសហគមន៍ព្រៃឡង់ បានកត់សំគាល់ឃើញថា មានការអនុញ្ញាតឲ្យដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ ឆ្លងកាត់មុខស្នាក់ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។ លើសពីនេះ ក៏មានការតម្លើងរោងម៉ាស៊ីអារឈើ ដោយក្រុមហ៊ុន ស៊ីង បាយអូថេក នៅភូមិកំពង់ដំរី ឃុំបឹងចារ ខណៈក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ រហូតមានការវាយតម្លៃផលប៉ះពាល់បរិស្ថាននៅឆ្នាំ២០១៨។ ក្រៅពីនោះការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ក៏កើតឡើងតាមរយៈការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុន ក្រុមជនអាណាធិបតេយ្យ និងការអនុញ្ញាតរបស់អាជ្ញាធរមូលដ្ឋានឲ្យប្រជាជនកាប់ឈើមកសង់ផ្ទះជាដើម។ ទាំងនេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែល។
ដោយសារមិនឃើញមានវិធានការណាមួយទប់ស្កាត់បានចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ សកម្មជនព្រៃឡង់បានអំពាវនាវដល់ក្រសួងបរិស្ថាន ឲ្យត្រួតពិនិត្យលើការងារមន្រ្តីឧទ្យានុរក្សមួយចំនួន ដែលអសកម្ម និងស្នើអាជ្ញាធរបញ្ឈប់ការចេញលិខិតអនុញ្ញាឲ្យមានការកាប់ឈើនៅព្រៃឡង់តទៅទៀតជាពិសេសបញ្ឈប់អាជីវកម្មឈើហ៊ុបតែម្តង។
ក្នុងរបាយការណ៍សកម្មភាពឆ្នាំ 2018 សហគមន៍ព្រៃឡង់បានកត់ត្រាទុកបន្ទាប់ពីការចុះល្បាតដោយស្ម័គ្រចិត្តក្រោមកិច្ចសហការរវាងមន្ត្រីឧទ្យានុរក្សនិងអាជ្ញាធរមូលដ្ឋានបានបង្ហាញពីការរកឃើញនិងដកហូតប្រគល់ជូនមន្ត្រីជំនាញដូចជាម៉ាស៊ីនរណាយន្តចំនួន 98 គ្រឿង បានប្រៀបធៀបនឹងឆ្នាំ 2017 ដកហូតបានតែ 66 គ្រឿង កាំភ្លើងកែច្នៃចំនួន 21ដើមបើប្រៀបធៀបនឹងឆ្នាំ 2017 ដកហូតបានតែ 11 ដើម អន្ទាក់ដាក់សត្វព្រៃ 581 អន្ទាក់បើប្រៀបធៀបនឹងឆ្នាំ 2017 ដកហូតបានតែ 50 អន្ទាក់ ធ្វើកិច្ចសន្យាជាមួយម្ចាស់គោយន្តចំនួន 13 គ្រឿង ឧបករណ៍ឆក់ត្រីចំនួន 2គ្រឿងឈើអារច្រៀករួចចំនួន 59 ,45 ម៉ែត្រគូប ឈើកាប់រំលំរួចចំនួន 74 ដើមនឹងគល់ឈើថ្មីចំនួន 719 គល់។
បណ្ដាញសហគមន៍ព្រៃឡង់ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាក្រសួងបរិស្ថានអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តាស្នើសុំឲ្យរដ្ឋាភិបាលតាមដាននិងត្រួតពិនិត្យមន្ត្រីឧទ្យានុរក្សមួយចំនួនបើអសកម្មហើយនិងមិនបានបំពេញតួនាទីរបស់ខ្លួនលើ បញ្ឈប់ការអនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើម៉ាស៊ីនរណាយន្តនិងសំភារៈផ្សេងទៀតសម្រាប់បម្រើឲ្យការកាប់បំផ្លាញឈើកាត់មុខប៉ុស្តិ៍យាមរបស់មន្ត្រីឧទ្យាននុរក្សនីមួយៗ ។
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា របាយការណ៍របស់បណ្តាញព្រៃឡង់គឺជាការរាប់ាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស ខណៈដែលក្រសួងរកឃើញថា នៅរយៈពេលចុងក្រោយនេះ ការកាប់ឈើជារួមនៅតំបន់ព្រៃឡង់បានថយចុះ២០%។ តែលោកទទួលស្គាល់ថានៅតែមានបទល្មើសកើតឡើង ប៉ុន្តែក្រសួងបានចាត់វិធានការឲ្យមន្រ្តីឧទ្យានុរក្សដើរល្បាត ដោយរកឃើញថាប្រជាជនជាអ្នកចាញ់បោកក្រុមឈ្មួញក្នុងការស៊ីឈ្នួលកាប់ឈើលក់។
លោក នេត្រ ភក្ត្រា សមត្ថកិច្ចកំពុងរកមុខអ្នកនៅពីក្រោយខ្នង បទល្មើសកាប់ឈើដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕