វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃ ធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ខែកក្កដានេះ ជាមួយនឹងបេក្ខជនបានប្រឡងជាប់និងបានទទួលប័ណ្ណបើកបរចំនួន ជិត៣០០០នាក់
ភ្នំពេញ៖វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃត្រូវបានធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍នឹងត្រូវបញ្ចប់នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩នេះខណៈដែលមកដល់ពេលនេះមានបេក្ខជនដែលប្រឡងជាប់និងបានទទួលប័ណ្ណបើកបរចំនួនជិត៣០០០នាក់ហើយ
។
លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩នេះបងប្អូនជាអ្នកបើកបរត្រីចក្រយានយន្តបានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានចំនួន១៥វគ្គស្មើនឹង៨៤៨៧នាក់និងបានប្រឡងជាប់ដោយទទួលប័ណ្ណបើកបរបានចំនួន២៧៩៣នាក់។
លោកបញ្ជាក់ថាវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះធ្វើឡើងដោយឥតគិតថ្លៃនៅរៀងរាល់ថ្ងៃសៅរ៍ហើយវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះដែលគ្រោងនិងបញ្ចប់នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ខាងមុខនេះហើយ។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះបាននិងកំពុងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍នៅលើទីតាំងចំនួន២ទី១នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញផ្លូវលេខ៥៩៨សង្កាត់ច្រាំងចំរេះទី២ខណ្ឌឫស្សីកែវនិងទី២នៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅផ្លូវជាតិលេខ៦សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។
គួរបញ្ជាក់ទៀតថាការបើកវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃសំរាប់បងប្អូនអ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្តរុឺម៉កសណ្តោងខាងលើនេះធ្វើឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញសេចក្តីជូនដំណឹងមួយស្ដីពីការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្តទោចក្រយានយន្តសណ្ដោងរម៉កដោយឥតគិតថ្លៃកាលពីថ្ងៃទី០១មិនាកន្លងមកនេះដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្តទាំងអស់អោយបានជ្រាបថាកន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បីអោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោករដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១៧ល្ងាចស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨សង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រលងទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានបណ្ណបណ្ណបើកបរយានយន្តប្រភេទក។
អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការនិងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ផុតពីរយៈពេលកំណត់ពោលគឺបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាធរមានដោយមិនមានការលើកលែងឡើយ៕