បង្រ្កាបទីតាំងជួញដូរគ្រឿងញៀន ចំណុចកាសុីណូឡាក់គី ក្រុងប៉ោយប៉ែត ចាប់មនុស្សជាង 20នាក់
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យ២៣នាក់ ក្នុងនោះមានមេខ្លោងជួញដូរនិងចែកចាយគ្រឿងញៀន
ដែលត្រូវបង្ក្រាបនៅទីតាំងជាប់កាស៊ីណូឡាក់គី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋានននគរបាលក្រុងប៉ោយប៉ែត សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញារ មាស ច័ន្ទពិសិដ្ឋ ដោយបានឃាត់ខ្លួនជនជួញដូរ ចំនួន១នាក់ ឈ្មោះ សុខ សៀងធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ រួមជាមួយបក្ខពួកជាង 20 នាក់ ដែលពូនសម្ងំ ប្រើប្រាស់ចែកចាយគ្រឿងញៀន ក្នុងកាស៊ីណូមួយខាងលើនេះ។
ក្នុងប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាង ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រាមពណ៌សចំនួន៥ថង់ ម្សៅម៉ត់ចំនួន១ថងតូច ទូហ្គេមបាញ់ត្រី៨គ្រឿង ស្លុតហ្គេម១៤គ្រឿង ថ្នាំគ្រវី១គ្រាប់ ត្រួតពិនិត្យទឹកនោម នៅនឹងកន្លែង២២នាក់ ស្រី២នាក់ មានសារធាតុញៀន៕