ក្រុមប្រជាពលរដ្ឋស្នើរដ្ឋមន្ត្រីក្រសួងដែនដី ជួយដោះស្រាយទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនញូញៀន យកដីទៅសាងសង់ព្រលានយន្តហោះ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានក្រុមប្រជាពលរដ្ឋមួយចំនួន បានឡើងមកពីខេត្តកោះកុង ដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តវ៉ាដោះស្រាយទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ញូញៀន ដែលក្រុមហ៊ុនមួយនេះ បានជាប់ដីរបស់ប្រជាពលរដ្ឋចំនួនជាងបួនរយហិកតាទៅអភិវឌ្ឍធ្វើព្រលានយន្តហោះដោយមិនបានផ្ដល់សំណងអ្វីនោះទេ ក្នុងរយៈពេលជិត 10 ឆ្នាំមកហើយ។
បើយោងតាមលិខិតរបស់តំណាងប្រជាពលរដ្ឋដែលដែលស្នើសុំចូលអន្តរាគមន៍ពីសំណាក់លោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីថ្ងៃទី 20 ខែមិថុនាឆ្នាំ 2019 ។ តំណាងប្រជាពលរដ្ឋទាំង 5 នាក់ “ស្នើសុំជួយដោះស្រាយដីធ្លីពួកគាត់ទាំងអស់គ្នាជាពលរដ្ឋរងគ្រោះដីធ្លីចំនួន 417,75ហិកតា នៅភូមិតានួន ព្រែកខ្យង ទូលពោ និងបាក់រនាស់ ស្រុកបុទុមសាគរខេត្តកោះកុង។ កន្លងមកមានការវិវាទជាមួយក្រុមហ៊ុនញូញៀនបានយកដីកសិកម្មរបស់យើងខ្ញុំកសាងព្រលានយន្តហោះអន្តរជាតិចំនួន 91 គ្រួសារ ព្រមទាំងឈូសឆាយផ្ទះសម្បែងយើងខ្ញុំ ។ អាស្រ័យហេតុនេះយើងខ្ញុំសូមមេត្តាឯកឧត្តមឧបនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ទៅក្រុមហ៊ុនយូញៀន ដើម្បីប្រគល់ដីសងពួកយើងខ្ញុំទាំងអស់គ្នាវិញ ព្រមទាំងសងសំណងនៃផលប៉ះពាល់ខូចខាតផ្ទះសម្បែង និងដំណាំអស់រយៈពេលជិត 10 ឆ្នាំកន្លងទៅ។ ក្រុមប្រជាពលរដ្ឋស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជួយរកយុត្តិធម៌ជូនពួកយើងខ្ញុំទាំងអស់គ្នាដែលរងគ្រោះអត់បងផ្ទះសម្បែងដោយអយុត្តិធម៌”។
ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះរបស់ក្រុមហ៊ុនចិនញូញៀននៅលើទឹកដីស្រុកបុទុមសាគរខេត្តកោះកុងនេះត្រូវបាន
មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំភ្លឺប្រាប់សារព័ត៌មានក្នុងស្រុកមួយ ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ពុំបង្កផលប៉ះពាល់ជាមួយលំនៅដ្ឋាន និងដំណាំប្រជាពលរដ្ឋនោះទេ។
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះនៅខេត្តកោះកុងស្ទើររួចរាល់ហើយ ត្រូវបានសិក្សាយ៉ាងច្បាស់លាស់ បញ្ហាជាមួយប្រជាពលរដ្ឋកន្លងទៅ ក៏ត្រូវក្រសួងពាក់ព័ន្ធដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ដែលមិនមានបញ្ហាទៀតនោះទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Union Development Group បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ដើមប្រជាពលរដ្ឋតំបន់នោះហៅថានាគក្បាល 8 ដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា។ គម្រោងនេះរួមមានលំនៅដ្ឋាន សណ្ឋាគារ ទីលានវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ និងសេវាកម្មជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។
ព្រលានយន្តហោះដែលមានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២០ ខណៈដែលការស្ថាបនាព្រលានយន្តហោះដ៏ធំនេះ បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៨៕