ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែត 50 នាក់ ស្នើប្រធានសាលាឧទ្ធរណ៍ ទម្លាក់ការចោទប្រកាន់អតីត អ្នកកាសែតពីររូប

66

ភ្នំពេញ៖ អ្នកកាសែតចំនួន 50នាក់បានធ្វើលិខិតចំហរបស់ជូន លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធណ៍ ទម្លាក់ការចោទប្រកាន់លើអ្នកកាសែតពីរនាក់គឺលើកអ៊ួនឈិននិងយាងសុធារិន ។

បើយោងតាមលិខិតចំហរបស់ក្រុមអ្នកកាសែតទាំង 50 នាក់ដែលធ្វើឡើងកាលពីថ្ងៃទី 20 ខែមិថុនាឆ្នាំ 2019 បានបញ្ជាក់ថា “យើងខ្ញុំជាអ្នកសារព័ត៌មានដែលកំពុងបំពេញការងារនៅកម្ពុជា សូមអំពាវនាវជាថ្មីដល់សាលាឧទ្ធណ៍ដែលបើកសវនាការនៅថ្ងៃ សុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩  បញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី(RFA) លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ព្រមទាំងទម្លាក់ចោលទាំងស្រុងនូវការចោទប្រកាន់លើពួកគេ”។

សូមបញ្ជាក់ថាអតីតអ្នកយកព័ត៌មានទាំងពីររូបត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2017 ដោយតុលាការចោទប្រកាន់ ពីបទ “ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ តាមបទប្បញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ៣។ កាលពីខែសីហាឆ្នាំ 2018 អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំង 2 រូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយជាប់ពន្ធនាគារជាង 9 ខែតែត្រូវដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ។

ក្រុមអ្នកកាសែតទាំងនោះបានលើកឡើងគឺថា យើងខ្ញុំដែលបានភ្ជាប់ឈ្មោះនៅក្នុងលិខិតចំហមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើអ្នកទាំងពីរ។ លើសពីនេះទៅទៀតការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការធ្វើឲ្យពួកគេទាំងពីរពិបាកក្នុងការរស់នៅ នឹងមិនអាចបំពេញការងារជាអ្នកកាសែតបន្តទៀតបាននោះទេ។ ពួកគេមិនអាចផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនអាចធ្វើដំណើរទៅក្រៅប្រទេសនឹងត្រូវបង្ហាញខ្លួនជារៀងរាល់ខែនៅប៉ុស្តិ៍នគរបាលផងដែរ។

នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ។ អ្នកសារព័ត៌មានមានតួនាទីក្នុងការរាយការណ៍អ្វីដែលជាការពិតជូនដល់សាធារណជន។

យើងខ្ញុំយល់ថាការចោទប្រកាន់ទាក់ទងនឹងការផ្ដល់ព័ត៌មានដែលនាំឲ្យអន្តរាយដល់ការការពារជាតិជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរ។ ការចោទប្រកាន់លើអតីតអ្នកកាសែតទាំងពីររូបនេះកំពុងតែបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ នឹងធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះផងដែរ។ អាស្រ័យហេតុនេះសូមតុលាការគ្រប់លំដាប់ថ្នាក់មេត្តាពិចារណាជាថ្មីបញ្ចប់ការចោទប្រកាន់លើពួកគេនិងការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ៕

អត្ថបទដែលជាប់ទាក់ទង