ក្រុមទុច្ចរិត បានប្រើប្រាស់រូបភាពថ្នាក់ដឹកនាំក្រសួងការពារជាតិ វាយប្រហារមួលបង្កាច់ ឲ្យ មានការភាន់ច្រឡំ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមទុច្ចរិតបានប្រើប្រាស់រូបភាពថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងគណនី Facebook ក្លែងក្លាយរបស់ពួកគេ ដើម្បីផ្សព្វផ្សាយវាយប្រហារមួលបង្កាច់មកកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បង្កឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការភាន់ច្រឡំ។
លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី 21 ខែមិថុនានេះ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា ការប្រឌិតរឿងក្លែងក្លាយតាមបណ្តាញសង្គម នៅតែបន្តកើតមានជាបន្តបន្ទាប់ ដែលជះឥទ្ធិពលអាក្រក់ដល់ការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។
លោកបានបន្តថា កន្លងទៅនេះ ក្រុមទុច្ចរិតបានប្រើប្រាស់រូបភាពថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងគណនី Facebook ក្លែងក្លាយរបស់ពួកគេ ដើម្បីផ្សព្វផ្សាយវាយប្រហារមួលបង្កាច់មកកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បង្កឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការភាន់ច្រឡំ ប៉ុន្តែព័ត៌មានទាំងនេះ ក៏ត្រូវបានច្រានចោលភ្លាមៗជាមួយនឹងការបំភ្លឺការពិតផងដែរ។
ដោយឡែកប៉ុន្មានថ្ងៃនេះ យើងឃើញថា ក្រុមទុច្ចរិត បានបន្តផ្សព្វផ្សាយមួលបង្កាច់មកលើថ្នាក់ដឹកនាំក្រសួងការពារជាតិយើងថែមទៀត ដោយបានប្រឌិតព័ត៌មានថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ មានលុយ ១០០លានដុល្លារ តម្កល់នៅធនាគារអាមេរិក។
លោកអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា “នេះជាគឺជាដំណឹងមិនពិតទាល់តែសោះ ដែលក្រុមទុចរិទ្ធបង្កើតឡើង ដើម្បីតែលាបពណ៌ បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តែប៉ុណ្ណោះ ។ ដូច្នេះ សូមសាធារណជនទាំងអស់ កុំមានការភាន់ច្រឡំ”។
យ៉ាងណាក៏ដោយ ទន្ទឹមគ្នានឹងក្រុមទុច្ចរិតបង្កើតនូវព័ត៌មានក្លែងក្លាយកាន់តែច្រើន យើងទាំងអស់គ្នា ដែលជាមនុស្សសុចរិត ក៏ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះផងដែរ ដូចដែលប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកន្លងមកថា “ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក”។
នៅលើផេកហ្វេសប៊ុកផ្លូវការ លោកហ៊ុន ម៉ានិត
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា “ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ 100 លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះ គឺបានបង្កើតឡើងដោយក្រុមប្រឆាំង ក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង«ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី 1 ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះ ថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក”៕