ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ជំរុញវាយតម្លៃ អ្នកជំនាញទេសចរណ៍ ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដារ សមត្ថភាពអាស៊ាន

53

ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ប៉ែន លីណាត អភិបាលស្តីទីនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) ដល់អ្នកជំនាញទេសចរណ៍ចំនួន ៣០រូបលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខនៅសណ្ឋាគារ ហ៊ បុន្នី ខេត្តក្រចេះ ក្រោមកិច្ចសហការជាមួយអង្គការ SwissContact ក្នុងកម្មវិធីអភិវឌ្ឍជំនាញ។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) គឺជាយុទ្ធសាស្ត្រមួយរបស់ក្រសួងទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញពិតប្រាកដ របស់អ្នកជំនាញទេសចរណ៍កម្ពុជា ជាពិសេសអ្នកជំនាញ ដែលកំពុងបម្រើការងារបច្ចុប្បន្នដែល មិនបានឆ្លងកាត់ការសិក្សា និងបណ្តុះបណ្តាលផ្លូវការ ហើយគ្មានវិញ្ញាបនបត្រទទួល ស្គាល់កម្រិតជំនាញជាក់លាក់។ ការវាយតម្លៃការសិក្សាពីមុន នឹងបើកផ្លូវឲ្យអ្នកជំនាញមាន ឱកាសបន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ កម្រិតខ្ពស់បន្ថែមទៀត និងអាចអភិវឌ្ឍអាជីពការងារកាន់តែល្អប្រសើរ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរាយការណ៍ជូនអង្គពិធីនូវវឌ្ឍនភាព នៃវិស័យទេសចរណ៍ក្នុងខេត្ត ដោយមន្ទីរទេសចរណ៍បានរៀបចំ បង្កើតរមណីយដ្ឋានធម្មជាតិ ចំនួន១០កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ចំនួន០៦កន្លែង សណ្ឋាគារមានចំនួន ១៤ កន្លែង ស្មើនឹង៥៦២បន្ទប់ ផ្ទះសំណាក់ចំនួន ៣៦ កន្លែង ស្មើនឹង ៣៥៤បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋានមានចំនួន ៣៩កន្លែង ម៉ាស្សាសុខភាពចំនួន ៩កន្លែង ស្មើនឹង៦៦គ្រែ សេវាកម្មកម្សាន្តទេសចរណ៍ សម្រាប់មនុស្សពេញវ័យចំនួន ១១ កន្លែង ស្មើនឹង៧៤បន្ទប់ ហើយបច្ចុប្បន្នតាមរយៈកិច្ចខិតខំរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះកំពុងរៀបចំតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តសប្បាយ ជូនដល់ទេសចរជាតិ និងអន្តរជាតិ ក្នុងនោះមានឆ្នេរផ្តើមស្នេហ៍ ក្នុងសង្កាត់កោះទ្រង់ កោះព្រហ្មចារិយ៍ សហគមន៍អេកូទេសចរណ៍ កោះសាមសិប និងកោះដំបង និងបន្តពង្រឹងគុណភាព សេវាកម្មទាំងមូលដ្ឋានអាជីវកម្មក្នុងខេត្ត និងសហគមន៍ទេសចរណ៍ ដែលធ្វើអោយមានកំណើនទេសចរសរុបចំនួន ៨៣.៤៤២នាក់ កំណើនក្នុងអត្រា ២,៩១% ដោយភ្ញៀវអន្តរជាតិ មានចំនួន៨.៩២៦នាក់ កើនឡើង២,៨៦% នៅត្រីមាសទី១ ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង