ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ដេកចាំពេទ្យឆ្លងទន្លេ ស្លាប់ ទាំងម្ដាយទាំងកូនក្នុងផ្ទៃ ដោយធ្លាក់ឈាមខ្លាំង

68


ភ្នំពេញ ៖ ស្ត្រីម្នាក់ពរពោះគ្រប់ខែ បានមកដេករង់ចាំលោកពេទ្យធំ ខេត្តបាត់ដំបង ជួយសម្រាលកូនឲ្យ តែបែរជាអកុសលត្រូវបានស្លាប់ទាំងម្ដាយទាំងកូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅពេទ្យធំ ខេត្តបាត់ដំបង។

បើតាមបងស្រីបង្កើតរបស់សពជនរងគ្រោះ បានប្រាប់ថា ប្អូនស្រីរបស់គាត់ឈ្មោះ ខឿត ស្រីម៉ៅ អាយុ២៧ឆ្នាំ បានទៅដេករង់ចាំការជួយសម្រាលកូន របស់នាងជិតមួយសប្ដាហ៍ទៅហើយ នៅឯមន្ទីរពេទ្យធំខេត្តបាត់ដំបង ហើយគាត់ឲ្យលោកពេទ្យពិនិត្យរៀងរាល់ថ្ងៃ តែលោកពេទ្យនោះថាមិនអីទេ មិនអីទេ លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ពេលប្អូនស្រីគាត់ឈឺសម្រាលខ្លាំង ក៏ចូលបន្ទប់សម្រាល តែទោះបីយ៉ាងណា នាងបានស្លាប់រួមជាមួយកូនរបស់នាងក៏ស្លាប់ដែរ ដោយពេទ្យថាហូរឈាមច្រើនពេកឃាត់មិនជាប់។

ស្ត្រីរូបនោះ បានស្នើឲ្យបុគ្គលិកពេទ្យធំទាំងអស់ ចេះធ្វើការដោយទទួលខុសត្រូវផង បើខ្លួនអសមត្ថភាព ហេតុអ្វីមិនប្រាប់បងប្អូនសាច់ញាតិសព ជនរងគ្រោះឲ្យយកទៅមន្ទីរពេទ្យផ្សេង។ មានពេទ្យមួយចំនួន បម្រើការងារ នៅក្នុងមន្ទីរពេទ្យធំនោះ ប្រើពាក្យសម្ដីអាក្រក់មិនសមរម្យ ជាមួយអ្នកជំងឺឬអ្នកទៅកំដរអ្នកជំងឺទេ។

បងស្រីរបស់សពបានបន្តទៀតថា គ្មានលោកពេទ្យណាចេញមុខទទួលខុសត្រូវ លើការស្លាប់បាត់បង់ជីវិតទាំងម្ដាយកូន របស់ប្អូនស្រីគាត់នោះទេ។ ប្អូនស្រីគាត់ធ្លាប់បានឆ្លងទន្លេបង្កើតកូនម្ដងរួចហើយ នេះជាការសម្រាលលើកទី២ ដោយកូនស្រីដំបូង របស់នាងមានអាយុ៧ឆ្នាំ ។

សូមបញ្ជាក់ថា សពស្ត្រីរងគ្រោះត្រូវបានម្ដាយ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង