ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមឈ្មួញជីកដីលក់ឆ្អែតឆ្អន់ ឡើងរណ្ដៅមហាធំចង់ដល់ក្បាលប្រែត ទើបរដ្ឋបាលខេត្តសៀមរាបចុះបិទការដ្ឋានជីករណ្តៅដី ថាពុំមានអាជ្ញាប័ណ្ណ និងជីកជ្រៅពេក

68

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសលើហ្វេសប៊ុកថា ក្រុមការងារចម្រុះ​ខេត្ត​ ចុះពិនិត្យ​ និងបិទការដ្ឋានជីករណ្តៅដី ពុំមានអាជ្ញាប័ណ្ណរណ្តៅដីមួយកន្លែង​ នៅភូមិល្អក់​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង។

ថ្ងៃ​សៅរ៍​ ៥រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះខេត្ត​ ដឹកនាំដោយ​ លោក​ សុខ​ ថុល​ នាយករដ្ឋបាលសាលាខេត្ត​ និងមានការចូលរួមពី​ លោកនាយករងទីចាត់ការអន្តរវិស័យ​ ​ លោកប្រធាន​មន្ទីរ​បរិស្ថាន​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ តំណាង​មន្ទីរ​ធនធានទឹក​ និងឧតុនិយម​ តំណាង​រដ្ឋបាលជលផល​ ប៉ូលិស​សេដ្ឋកិច្ច​ និងអាជ្ញាធរមូលដ្ឋាន​។

បន្ទាប់ពីបានត្រួតពិនិត្យការបិទការដ្ឋានជីករណ្តៅដី ក្រុមការងារជំនាញបានរកឃើញថា ការដ្ឋាននេះបានជីកលើសជម្រៅដែលបានកំណត់​ និងគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត​ និងពុំបានព័ទ្ធរបងជុំវិញរណ្តៅដីនៃការដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ការដ្ឋានខាងលើបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនដី ដោយមិនគ្របតង់កៅស៊ូឱ្យបានត្រឹមត្រូវ រីឯច្រកចេញចូលការដ្ឋានក៏ពុំមានការស្រោចទឹកជាប្រចាំ ដែលជាហេតុបង្កឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាន។

ដោយពិនិត្យឃើញដូច្នេះ ក្រុមការងារបានសម្រេចបិទការដ្ឋានបិទការដ្ឋានជីករណ្តៅដីខាងលើ និងបានបិទលិខិតបញ្ឈប់នៅនឹងគ្រឿងចក្រ​ ហេីយក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចនេះ​ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង