ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ជួយឧបត្ថម្ភដល់ ក្រុមគ្រួសារអ្នកស្លាប់ទទួលបាន៤០លានរៀល និងអ្នករងរបួសចំនួន៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ ខណៈស្លាប់ចំនួន១៧នាក់ រងរបួសចំនួន២៤នាក់

64

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ ដោយអ្នកស្លាប់ម្នាក់ទទួលបានថវិកា៤០លានរៀល ស្មើនឹងមួយម៉ឺនដុល្លារ និងអ្នករងរបួសម្នាក់ទទួលបានថវិកា៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិ យើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសិបលានរៀល) ឬ១ម៉ឺនដុល្លារ(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)។ ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង ថវិការនេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត»។

ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ ៖ មកដល់ម៉ោង​៣ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩​នេះ​ សមត្ថកិច្ច​បានរកឃើញជនរងគ្រោះ​ សរុប​ចំនួន៤១នាក់ (ស្លាប់១៧នាក់​ ស្រី៤នាក់) និង​ (រងរបួស២៤នាក់​ ស្រី២នាក់) ។

រហូតមកទល់នឹងនឹងពេលនេះកម្លាំងសង្គ្រោះបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារ និងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅកន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានា ដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថា បាននិងកំពុងស្ថិតនៅក្នុង គំនរបាក់បែកនោះនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង