ឃុំខ្លួនជនជាតិចិន៤នាក់ ដែលជាម្ចាស់អគារ ថៅកែម៉ៅការសំណង់ ករណីបាក់អគារសង្កត់មនុស្សស្លាប់ និងរបួស
ព្រះសីហនុ ៖ ការដ្ឋានសំណង់របស់ជនជាតិចិនដែលបាក់រលំ មានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។
ជាមួយនឹងករណីនេះ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្នជនជាតិចិន៤នាក់ ដែលក្នុងនោះមានម្ចាស់អគារ, ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត ក្នុងការណីបាក់រលំអគារកំពស់៧ជាន់ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន៤ផ្សេងគ្នា នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ម្ចាស់សំណង់អគារកម្ពស់៧ជាន់ ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក៣នាក់ទៀតរួមមាន ១៖ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសសំណង់, ២៖ ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និង៣៖ ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន ដែលពួកគេទាំង៣ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ ក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី២នាក់)៕