ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈអភិបាលខេត្តព្រះវិហារ និងលោកសំ លាងទ្រីនាំយកទៀនព្រះវស្សានិងទេយ្យវត្ថុមួយចំនួនទៅប្រគេនថ្វាយព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទ្រីសទ្ធារាម

821

ព្រះវិហារ៖ ទៀនព្រះវស្សានិងទេយ្យវត្ថុមួយចំនួនរួមនិងបច្ច័យផង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងលោកសុខ សាន្តដារ៉ា អភិបាលស្រុកឆែប នាំទៅប្រគេនថ្វាយព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទ្រីសទ្ធារាម ដែលស្ថិតនៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។


លោក សំ លាងទ្រី បានមានប្រសាសន៍អោយដឹងថា ទេយ្យវត្ថុដែលត្រូវបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទ្រីសទ្ធារាមនេះ រួមមានអង្គរ៥០គីឡូក្រាម ទៀនវស្សា ប្រេងម៉ាស៊ូតតែ ស្ករ ទឹកដោះគោ មី អំបិល ទឹកសុទ្ធ ប្រហុក ទីកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច ឆៃប៉ូវ ត្រីខកំប៉ុង និងបច្ច័យចំនួន ៥៨ម៉ឺនរៀល ព្រមទាំងប្រគេនដល់ព្រះសង្ឃចំនួន៦អង្គ ដែលក្នុង១អង្គថវិកាចំនួន២ម៉ឺនរៀលផងដែរ។


លោក សំ លាងទ្រី បានបន្តទៀតថា សម្រាប់ថ្ងៃទី១៣ កក្កដា ២០១៨នេះ លោកនឹងអញ្ជើញទៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ បន្តទៀត ដើម្បីយកទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចំនួន៨ទៀត ហើយក្នុងមួយវត្តទទួលបានទៀនព្រះវស្សានិងទេយ្យវត្ថុមួយចំនួនរួមនិងបច្ច័យដូចៗគ្នានឹងវត្តទ្រីសទ្ធារាម នេះដែរ ។ ក្រៅពីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុហើយ ក្នុងនោះក៏មានធ្វើពិធីប្រកាសតែងតាំង អនុគុណស្រុកស្តីទីផងដែរ។


គួរបញ្ជាក់ផងដែរថា វត្តទ្រីសន្ធារាម គឺជាវត្តថ្មីមួយស្ថិតនៅក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចំងាយពីទីរួមខេត្តឬក្រុងព្រះវិហារជាង៤០គីឡូម៉ែត្រ ។ ក្រោយបង្កើតអោយមានវត្តនេះឡើង ពោលគឺកាលព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាគ.ស ២០១៧កន្លងមកនេះលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ដែលសាលាឆាន់នេះមានទទឹង១២ម៉ែត្របណ្តោយ២៤ម៉ែត្រ ក្រោមជំនួយផ្ទាល់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងជាអតីតប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយស្រុកឆែបនិងបច្ចុប្បន្នជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី។


លោក សំ លាងទ្រី ធ្លាប់បានបញ្ជាក់អោយដឹងហើយថា ភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ពីមុនមកមិនមានវត្តសម្រាប់ប្រជាពលរដ្ឋគោរពបូជានិងធ្វើបុណ្យទានតាមប្រពៃណីព្រះពទ្ធសាសនានោះទេ ។ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទើបរូបលោកនិងដោយមានការគាំទ្រពីលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បង្កើតអោយមានវត្តថ្មីនេះឡើងតែម្តង។ 


គួរបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១២ដល់ឆ្នាំ២០១៥លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារក្រោយមកលោកក្លាយជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែ២មកក្នុងឃុំមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានលូនិងប្រឡាយ។ ឃុំសង្កែ២បច្ចុប្បន្នមានប្រជាជនរស់នៅចំនួន៣១១គ្រួសារស្មើនឹង១.៥២០នាក់ប្រកបមុខរបរធ្វើស្រែនិងចំការជាធំ។ក្នុងឆ្នាំ២០១៦ដល់ឆ្នាំ២០១៧លោកជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយស្រុកឆែបលុះមកដល់ឆ្នាំ២០១៨នេះលោកសំ លាងទ្រី ជាជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីខេត្តព្រះវិហារវិញតែលោកមិនបោះបង់ចោលឃុំសង្កែ២ឡើយ៕

អត្ថបទដែលជាប់ទាក់ទង