ព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
សេចក្ដីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត” ត្រូវបានអនុម័តដោយព្រឹទ្ធសភានាថ្ងៃទី២៥មិថុនានេះ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានដឹកនាំប្រតិភូក្រសួងអមដោយមន្ត្រីជំនាញចូលរួមការពារសេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់នេះត្រូវបានរាជរដ្ឋាភិបាលអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ និងត្រូវបានរដ្ឋសភាអនុម័តយល់ព្រមនាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានសារសំខាន់ក្នុងការ ចាត់ចែង គ្រប់គ្រង ប្រើប្រាស់ធនធានប្រេងកាតរបស់កម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជាបានសិក្សាស្រាវជ្រាវលើធនធានប្រេងកាតតំាងពីអំឡុងទសវត្សរ៍ទី៦០មកម្ល៉េះ ប៉ុន្តែដោយសារប្រទេសជាតិឆ្លងកាត់សង្រ្គាមជា បន្តបន្ទាប់ ការរុករក និងសិក្សាស្រាវជ្រាវពីធនធានដ៏មានតម្លៃនេះបានអាក់ខានទៅវិញ។ មកដល់ឆ្នាំ១៩៨៧ សកម្មភាពស្វែង រុករកធនធានប្រេងកាត ត្រូវបានចាប់ផ្តើមឡើងវិញ ហើយចាប់តំាងពីដើមទសវត្សរ៍ទី៩០ សកម្មភាពស្វែងរុករកធនធានប្រេងកាតត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយក្រុមហ៊ុន អន្តរជាតិនានា នៅក្នុងនោះក្រុមហ៊ុន ឈេហ្វរ៉ុន បានប្រកាសរកឃើញធនធានប្រេងមានលក្ខណៈពាណិជ្ជកម្មនៅក្នុងប្លុកអេ ដែនសមុទ្រកម្ពុជា នៅឆ្នាំ២០១០ ហើយបច្ចុប្បន្នប្លុកប្រេងកាតនេះ គ្រប់គ្រងនឹងឈានដល់ការធ្វើផលិតកម្មដោយក្រុមហ៊ុនគ្រីសអេនីជី នាពេលឆាប់ៗខាងមុខនេះ។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា រាជរដ្ឋាភិបាលបានតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត តំាងពីឆ្នាំ១៩៩៦ ដោយមានការចូលរួមគំាទ្រពីស្ថាប័នអន្តរជាតិ និងជាតិ ពិសេសអ្នកជំនាញច្បាប់អន្តរជាតិ និងជាតិ ហើយបានឆ្លងកាត់ ការពិនិត្យកែសម្រួលជាច្រើនដំណាក់កាលដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ទាក់ទាញ និងផ្តល់ទំនុកចិត្ត ដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការស្វែងរុករក និងការអភិវឌ្ឍធនធានប្រេងកាតទំាងដែនគោក និងដែនសមុទ្រ កំពុងដំណើរទៅមុខ ដែលក្នុងនោះប្លុកប្រេងកាតមួយនៅដែនសមុទ្រកំពុងឈានទៅរកការផលិតធនធានប្រេងកាតលើកទីមួយ ក្នុងប្រវត្តិសាស្រ្តរបស់ កម្ពុជានាពេលខាងមុខនេះ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មាន៩ជំពូក និង៧២មាត្រា ត្រូវបានកែសម្រួលបន្ថែមដោយបញ្ចូលបរិបទថ្មីៗ មួយចំនួន ផ្អែកលើបទពិសោធន៍ នៃបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសន័រវ៉េស អូស្រ្តាលី ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី និងប្រ៊ុយណេ ជាដើម។ បន្ទាប់ពីបានពិភាក្សាតាមនីតិវិធី អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ទំាងមូលចំនួន១០៨សំឡេង៕