ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង

83

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ពិភាក្សាអំពីលទ្ធផលនៃការ សិក្សាបឋមស្តីពីការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥ នាព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អង្គប្រជុំបានពិភាក្សាលើលទ្ធផល នៃការសិក្សាបឋម របស់ក្រុមការងារ និងបានកំណត់បញ្ហាប្រឈមនានា រួមទាំងផ្ដល់អនុសាសន៍ ជាវិធានការគោលនយោបាយ សំដៅដោះស្រាយបញ្ហា ទាំងនាពេលបច្ចុប្បន្ននិងទៅអនាគត និងស្នើឲ្យក្រុមការងារធ្វើការសិក្សា និងគិតគួរឲ្យ បានគ្រប់ជ្រុងជ្រោយ សម្រាប់ដាក់បញ្ចូលអនុវត្តជាក់លាក់ នៅក្នុងគម្រោងផែនការមេដើម្បីអភិវឌ្ឍ នឹងប្រែក្លាយខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។ ផែនការមេត្រូវរួមបញ្ចូលនូវទិដ្ឋភាព ៖ ចក្ខុវិស័យវែងឆ្ងាយដោយ ឈរលើគោលការណ៍សំខាន់ៗដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវៃឆ្លាត បរិក្ខារសម្រាប់រស់នៅ លំដាប់ពិភពលោក បរិស្ថានបៃតង បណ្ដាំឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានជំនាញ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនៅវានុវត្តន៍។ ជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ នៃខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់ សេវាសាធារណៈ ដែលមានគុណភាពស្តង់ដារខ្ពស់។

ជាមួយគ្នានោះ វិទ្យាស្ថាន UPDIS បានចែករំលែកពីបទពិសោធន៍ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងបណ្ដាប្រទេសជាច្រើន ដែលរៀបចំនិងអនុវត្តដោយវិទ្យាស្ថាន  UPDIS ក្នុងនោះមានដំណើរការ នៃការអភិវឌ្ឍទីក្រុងស៊ិនជិន ប្រទេសចិន ដែលបានប្រែក្លាយពីអតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល នឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ បើត្រូវបានគេចាត់ទុកថា ជាប្រភេទទីក្រុងវៃឆ្លាត ។ តារៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះ គឺមានការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសំណង់អាគារ តំបន់លំនៅដ្ឋាន ការកំណត់តំបន់ឧស្សាហកម្ម តំបន់ការពារបរិស្ថាន។ល។ ដែលរៀបចំយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ ប្រកបដោយសោភ័ណភាព និងផាសុកភាពគួរឱ្យចង់រស់នៅ៕

អត្ថបទដែលជាប់ទាក់ទង