ចុះផ្អាកការដ្ឋានសំណង់គ្មានច្បាប់អនុញ្ញាត ហើយរំលោភលើឆ្នេរខេត្តព្រះសីហនុទៀត
ខេត្តព្រះសីហនុ៖ ទើបតែកន្លងផុតថ្មីៗនេះទេ ករណីអគារ៧ជាន់ គ្មានច្បាប់អនុញ្ញាតបាក់រលំ ស្លាប់ និងរបួសជាច្រើននាក់ ឥឡូវរកឃើញមួយករណីទៀតហើយ ស្ថិតនៅតំបន់រំដួលជើងភ្នំ ក្នុងភូមិលេខ ០៣ សង្កាត់លេខ ០៣ មិនមានច្បាប់អនុញ្ញា និងសាងសង់រំលោភលើដីឆ្នេរសមុទ្រទៀត តែត្រូវបានចុះធ្វើការហាមឃាត់ការដ្ឋានសំណង់នេះទាន់ពេលវេលា។
តាមលោក លី ចិត្តយម មន្រ្តីសាលាខេត្តព្រះសីហនុ និងជាប្រធានដឹកនាំក្រុមការងារបាននិយាយថា ការដ្ឋានសំណង់នេះ កន្លងមកត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ចុះធ្វើការហាមឃាត់ម្តងរួចមកហើយ និងមិនបានអនុញាត្តិឲ្យធ្វើការសាងសង់នោះទេ ដោយសារការដ្ឋានសំណង់នេះមិនមានច្បាប់អនុញ្ញាត ហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិនអាចឲ្យសាងសង់បន្តបានដែរ ព្រោះបើយោងតាមចរាចរណ៍នាំរបស់រាជរដ្ឋាភិបាលលេខ ០១ ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ វាជាដីឆ្នេរសមុទ្រ។
មន្ត្រីដដែលបានបន្តថា ហើយនៅតំបន់ឆ្នេរសមុទ្ររំដួលជើងភ្នំខាងលើនេះ មានសំណង់ជាច្រើនដែលឃុបឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមិនមានក្រឹត្យក្រមតាមបច្ចេកទេស៕