ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កន្លែងផលិតទឹកពិសាដបចំនួនបីទីតាំង ក្នុងក្រុងសែនមនោរម្យ ដែលបំពាក់ឧបករណ៍ខុសបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបានមន្រ្តីជំនាញ ចុះផ្អាកដំណើរការបណ្តោះអាសន្ន

67

មណ្ឌលគិរី៖ ដើម្បីកុំឱ្យប៉ះពាល់ដល់គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់ទូទៅ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ដឹកនាំដោយលោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសានៅក្នុងក្រុងសែនមនោរម្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីអោយម្ចាស់សិប្បកម្មសុំច្បាប់អនុញ្ញាត។

លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា ការចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសាដប ដោយពិនិត្យឃើញថា សិប្បកម្មទាំងនេះបានដំណើរការផលិត និងចែកចាយផលិតផលរបស់ខ្លួននៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាតបង្កើតពីមន្ទីរឧស្សាកម្ម និងសិប្បកម្មទេ ហើយមន្រ្តីជំនាញក៏បានរកឃើញថាឧបករណ៍ចម្រោះទឹកដែលប្រើប្រាស់នោះ គឺអាចប្រើប្រាស់បានត្រឹមលក្ខណៈក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះទាំងបរិមាណផលិត ទាំងគុណភាពផលិត រួមទាំងលក្ខណៈបច្ចេកទេសក្បួនអនាម័យផលិតកម្ម និងទីតាំងផលិត។ ម្យ៉ាងទៀត ខ្សែសង្វាក់ផលិតកម្មច្រកដប និងវេចខ្ចប់របស់សិប្បកម្មទាំងបីនេះ គឺមិនអនុលោមទៅតាមបទដ្ឋានបច្ចេកទេសទឹកពិសាដបដែលចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្មរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់នៅលើទីផ្សារ។ ក្នុងការចុះពិនិត្យនោះដែរ មន្រ្តីជំនាញ បានធ្វើការពន្យល់ និងណែនាំស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្ម និងនិតីវិធីមួយចំនួនផ្សេងទៀតទៅដល់ម្ចាស់សិប្បកម្ម នឹងដំណើរការផលិត និងចែកចាយលក់នៅលើទីផ្សារ ហើយក៏បានឱ្យម្ចាស់សិប្បកម្មផលិតទឹកពិសាដបស្លាកយីហោ អូគិថាណាចំនួនពីរកន្លែង និងស្មូត ១កន្លែង ស្ថិតនៅក្រុងសែនមនោរម្យ ត្រូវបញ្ឈប់សកម្មភាពផលិត និងធ្វើអាជីវកម្ម រហូតដល់ពេលទទួលបានច្បាប់អនុញ្ញាតពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។
លោក សុខ ប៊ុនធឿន បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវមកទំនាក់ទំនងសុំច្បាប់ បង្កើតរោងចក្រសិប្បកម្មនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី ដើម្បីកែប្រែនូវប្រព័ន្ធផលិតកម្ម និងគុណភាពឱ្យសមស្របតាមស្តង់ដារបច្ចេកទេសទឹកពិសាដប និងនិតីវិធីផ្លូវច្បាប់ជាធរមានក្នុងរយៈពេល១សប្តាហ៍។ លោកបន្ថែមថា ក្នុងករណីម្ចាស់សិប្បកម្មមិនអនុវត្តន៍តាមការណែនាំរបស់មន្រ្តីជំនាញ ហើយឃើញនៅតែបន្តការផលិត និងចរាចរណ៍ចែកចាយលក់លើទីផ្សារទៀត មន្ទីរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមានស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអនុវត្តច្បាប់ និងផាកពិន័យតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង