តើស្មើនឹងរថយន្តប៉ុន្មានគ្រឿង កំពុងធ្វើចរាចរនៅលើផ្លូវ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានលើកឡើងថា បើមានរថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន១០តោននៅលើផ្លូវមួយ តើស្មើនឹងរថយន្តប៉ុន្មានគ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ?
ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំលើការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ប្រធាន និងអនុប្រធានស្ថានីយថ្លឹងរថយន្តទាំង២៧ស្ថានីយ នៅទូទាំងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រួតពិនិត្យ ការអនុវត្តការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ចូលរួមសហការគ្នាដោះស្រាយ នូវរាល់បញ្ហាដែលបានជួបប្រទះ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដែលច្បាប់កំណត់។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីផ្លូវល្អមានគុណភាពរឹងមាំប៉ុនណាក៏ដោយ ប្រសិនបើមានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ផ្លូវនេះនឹងឆាប់ខូច និងមិនអាចប្រើប្រាស់បានយូរឡើយ។ លោកទេសរដ្ឋមន្ត្រីបាន លើកយករូបមន្តរបស់ធនាគារពិភពលោក មកបង្ហាញថា បើមានរថយន្តមួយគ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន១០តោន នៅលើផ្លូវមួយ វាស្មើនឹងរថយន្ត ១០ ០០០ គ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ (ដោយ១០×១០×១០×១០=១០០០០គ្រឿង)។
លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីទាំងអស់ដែល បានខិតខំប្រឹងប្រែង បំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការដឹកទំនិញ លើសទម្ងន់កម្រិតកំណត់។ ជាលទ្ធផលចំនួនរថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ទោះជាយ៉ាងណាក្ដី លោកទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់ ធ្វើការប្ដេជ្ញាខ្ពស់ជាងនេះទៀត ព្រមទាំងសាមគ្គីសហការគ្នាឱ្យបានស្អិតល្មួត និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីឈានទៅលុបបំបាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា៕