ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ដ្រី គន់ គីម ចូលកាន់តំណែង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា

66

(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានប្រកាសឲ្យចូលកាន់តំណែង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្លូវការជំនួសលោក ញឹម វណ្ណដា បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បណ្តេញចេញពីតំណែង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ តែងតាំងលោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន។ សេចក្តីសម្រេចនេះក៏បានបញ្ចប់តំណែង លោក ញឹម វណ្ណដា ពីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។
មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងពេលចុះប្រតិបត្តិការដោយផ្ទាល់នៅខេត្តព្រះសីហនុក្នុងហេតុការណ៍បាក់រលំអាគារបណ្ដាលឱ្យបងប្អូនកម្មករស្លាប់និងរបួសជាច្រើននាក់។ សម្ដេចបានថ្លែងប្រាប់អ្នកកាសែតថា សម្ដេច បណ្ដេញសមាជិកគណៈរដ្ឋមន្ត្រីម្នាក់ចេញ ដោយសារតែមិនទទួលខុសត្រូវនិងភូតកុហក ហើយក្នុងពេលមានប្រតិបត្តិការអកុសលកើតឡើង លោកញឹមវណ្ណដា  កំពុងតែដេកជាមួយស្រីនៅខេត្តកំពត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ” នេះជាលើកដំបូងដែលខ្ញុំបណ្ដេញសមាជិករាជរដ្ឋាភិបាលចេញ គឺទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១គណៈកម្មកាជាតិរគ្រប់គ្រងគ្រោះមហន្តរាយ ហើយខ្ញុំជាប្រធាន ខ្ញុំមិនបានចុះមកទីនេះ។ ពីទីក្រុងបាងកកខ្ញុំមិនបានទទួលបានរបាយការណ៍ណាមួយពីគាត់នៅវេលាម៉ោងប្រមាណជិត 10 យប់ ខ្ញុំបានវាយតាមវ៉ាត់អាប់សួរថាឯកឧត្តមនៅឯណា ។ ខ្ញុំបានសួរមកឯកឧត្តមយន្តមីនថា បានឃើញឯកឧត្តមញឹមវណ្ណដាទេ ហើយខ្ញុំបានសួរទៅឯកឧត្តមសាយសំអាល់ ក៏មិនបានឃើញគាត់ដែរ។ ខ្ញុំបានហៅទូរស័ព្ទទៅគាត់ តែគាត់មិនបានលើកទូរស័ព្ទទេ។ ខ្ញុំបានប្រាប់ទៅឧបនាយករដ្ឋមន្ត្រីប្រចាំការប៊ិនឈិន ឲ្យតាមរកឯកឧត្តមញឹមវណ្ណដា តើនៅឯណា ពេលនេះ ។ ព្រោះនេះជាបញ្ជាប្រតិបត្តិការកម្លាំងសរុប រាប់ទាំងកងកម្លាំងប្រដាប់អាវុធ ។ នៅម៉ោងប្រមាណ 2 ទើបឯកឧត្តមប៊ិនឈិនរកឃើញគាត់ ហើយឲ្យគាត់មកទីនេះ ។ នៅម៉ោងប្រមាណ5ភ្លឺ នៅទីក្រុងបាងកក ខ្ញុំបានទទួលរបាយការណ៍ដ៏វែង ។ មិនចាំបាច់រាយការណ៍អញ្ចឹងទេ។ បានខ្ញុំឆ្លើយថា មិនបាច់រាយការណ៍អញ្ចឹងទេ។ ម្សិលមិញ ពេលខ្ញុំមកដល់ទីនេះ ច្ញុំបានសួរទៅឯកឧត្តមថាឯកឧត្តមនៅទីណា ឲ្យពិតប្រាកដ ហើយគាត់ឆ្លើយថាគាត់នៅទីហ្នឹង ។ អញ្ចឹងខ្ញុំនិយាយការពិត មិនទទួលខុសត្រូវ និងការភូតកុហក។ ខ្ញុំមិនអាចទុកឲ្យមន្ត្រីណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ភូតកុហករបៀបនេះតទៅទៀតទេ។ ខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ។ ពិតមែនហើយ ខ្ញុំបានយោគយល់ហើយពេលនេះ គ្រាន់តែដកចេញពីសមាជិកគណៈរដ្ឋមន្ត្រី នឹងទុកឲ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយបើមិនពេញចិត្ត ខ្ញុំក៏ដកចេញបន្តទៀត។ ខ្ញុំសោកស្ដាយ ប្រសិនបើមានប្រតិបត្តិការពេញទំហឹង យើងអាចរកបាន លើការជាក់ស្ដែង ។ ខ្ញុំមកដល់ទីនេះ ក៏មានប្រយោជន៍មួយចំនួន ទោះបីខ្ញុំមិនបានចូលរួមប្រឡូកដោយផ្ទាល់ ក៏មានប្រយោជន៍មួយចំនួន ក្នុងការផ្ដល់មតិ ទាំងការយកសម្ភារៈកន្លែងនេះកន្លែងនោះ នឹងទៅកន្លែងកងវិស្វកម្ម និងបច្ចេកទេសពីកន្លែងផ្សេង មកជួយអន្តរាគមន៍ដោះស្រាយ ប៉ុន្តែជាអកុសលប្រតិបត្តិការនេះ ត្រូវបានបណ្ដែតបណ្ដោយ។ ខ្ញុំមិននឹកស្មាន បទពិសោធន៍មួយនេះ បើទោះបីជាមានត្រឹមតែគ្នាពីរបីនាក់ ក៏ត្រូវមានអ្នកទទួលខុសត្រូវដែរ ចុះទៅដល់ទីកន្លែង ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង។ ហើយញឹមវណ្ណដាពូកែណាស់ ក្នុងការនិយាយប្រើវិធានការសរុប កម្លាំងសរុប ប៉ុន្តែដល់ពេលមានការ ដេកនៅឯខេត្តកំពត ជាមួយស្រីណាមិនដឹងទេ ខ្ញុំមិនយល់ទេទេ។ ប្រពន្ធឬក៏ស្រី ខ្ញុំមិនយល់ខ្ញុំមិនដឹង នៅក្នុងខេត្តកំពត ក្នុងពេលនៅទីនេះ មានមានព្រឹត្តិការណ៍ដ៏អកុសល នៅខេត្តព្រះសីហនុ”។

គួរជម្រាបថា បច្ចុប្បន្នទេសរដ្ឋមន្ដ្រី គន់ គីម មានតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម៕

អត្ថបទដែលជាប់ទាក់ទង