អភិបាលខណ្ឌសីកែវ ចេញមុខបកស្រាយ ចំពោះមហាជនថា មូលហេតុលោកដេកលក់ ក្នុងកម្មវិធី ដោយសារបញ្ហាសុខភាព និងអត់ងងុយដេក ព្រោះកំដម្តាយឈឺ
ឮ
ភ្នំពេញ៖ បណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី 26 ខែមិថុនា បានចែកចាយនូវរូបភាពវីដេអូ ពាក់ព័ន្ធហ្នឹងលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលបានចូលរួមក្នុងទិវាគ្រឿងញៀន នៅកោះពេជ្រ ហើយបានអង្គុយដេកលង់លក់មួយសន្ទុះ ក្នុងកម្មវិធីនោះ ហើយត្រូវបានអ្នកសារព័ត៌មាន ថតបាន យកមកបង្ហោះចែកចាយ។ ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី 27 ខែមិថុនានេះ តាមរយៈ page facebook ផ្លូវការរបស់ សាលាខណ្ឌឬស្សីកែវ លោកជា ពិសី បានអះអាងថា ការដែលលោកដេកលក់មួយសន្ទុះ មកពីលោកអត់ងងុយដេកពេក មិនអាចទ្រាំបានក៏សម្ងំមួយសន្ទុះ ដោយសារតែជាប់កំដម្ដាយរបស់លោក ឈឺធ្ងន់ ហើយម្យ៉ាងទៀត ដោយសារលោក មានបញ្ហាសុខភាព។
លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមុខបកស្រាយ ចំពោះបណ្តាញសង្គមថា កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ Page Facebook មួយចំនួន បានបង្ហោះ រូបភាព និង វីឌីអូ អំពីខ្ញុំ គ្រាដែលខ្ញុំបាទបានបិទភ្នែភ សំងំ មួយសន្ទុះ ដោយសារភាពអស់កម្លាំង បូករួមទាំង បញ្ហាសុខភាពផ្ទាល់ខ្លួនផងនោះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលម្សិលមិញ នៅកោះពេជ្រ ដោយបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម។
លោកថា ខ្ញុំបាទសូមឆ្លើយតប និងបកស្រាយជូន សាធារណៈមតិ មេត្តាជ្រាបថា ៖ ប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ ៨០ ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែរទាំ ម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់ យប់ក្រោយបានសម្រាកពីការដឹកនាំការងាររដ្ឋបាលរួចមក។
គាប់ជួននៅយប់ថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ខ្ញុំបាទ បានទៅមើលថែរ ម្ដាយជរា ឈឺធ្ងន់ រហូតដល់ម៉ោងជាង២យប់ រំលោងអាធ្រាតថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួម កម្មវិធី នៅឯកោះពេជ្រទៀត។
ខ្ញុំបាទសូមការអធ្យាស្រ័យពី សាធារណៈមតិ ទូទាំងប្រទេស ពិសេស ខ្ញុំបាទ សូមការអភ័យទោសដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។
សូមអរគុណសម្រាប់ការដាស់តឿនក្នុងន័យស្ថាបនា៕