ឃើញសត្វផ្សោតសមុទ្រមួយក្បាល ងាប់នៅឆ្នេរសមុទ្រប៉ាក់ខ្លង
កោះកុង ៖ពលរដ្ឋបានប្រទះឃើញសពសត្វផ្សោត១ក្បាល ទំងន់ប្រហែលជា២០គីឡូក្រាម អណ្តែកមកទើលើឆ្នេរសមុទ្រប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។
ផ្សោតដែលពួកគាត់បានប្រទះឃើញងាប់នោះ អាចបណ្តាលមកពីជាប់មងអ្នកនេសាទ ឬខាំគ្នាផងក៏មិនដឹង ព្រោះសភាពលើខ្លួនសត្វផ្សោតនោះមានស្នាមរបួសជាច្រើនកន្លែង ។ បន្ទាប់ពីឃើញសពសត្វផ្សោតងាប់ ពួកគាត់មិនបានរាយការណ៍ជូនសមត្ថកិច្ចនោះទេ ដោយពួកគាត់បានស្រុះស្រួលគ្នា យកទៅកប់ចោល ដោយសារមិនចង់អោយមានក្លិនស្អុយ ដល់ភ្ញៀវទេសចរដែលមកកម្សាន្ត នៅតំបន់រមនីយ៍ដ្ឋានឆ្នេរប៉ាក់ខ្លង ។
ជាមួយគ្នានេះដែរ ពលរដ្ឋក៏បានស្នើដល់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ មេត្តាអភិរក្សសត្វផ្សោតក៏ក្រមនេះផង ព្រោះអនាគតវាអាចជាការរួមចំណែកមួយ ក្នុងការទាក់ទាញនូវភ្ញៀវទេសចរ អោយមកកម្សាន្តនៅតំបន់ខាងលើ កាន់តែច្រើនថែមទៀត ។
ទាក់ទិននិងបញ្ហាខាងលើ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានអោយដឹងថា កន្លងមក ពុំមានសត្វផ្សោតសមុទ្រងាប់នោះទេ ហើយនេះជាលើកទី១ហើយ សម្រាប់ខេត្តកោះកុង ហើយកន្លងមកខាងមន្ទីរក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ធ្លាប់បានធ្វើការផ្សព្វផ្សាយ ណែនាំដល់ក្រុមប្រជានេសាទទាំងអស់ ថាបើបានប្រទះឃើញជាប់មង ឬអួន ត្រូវដោះលែងវាអោយមានសេរីភាពឡើងវិញ ព្រោះវាជាប្រភេទសត្វសមុទ្រដ៏កម្រ ។
លោកបានបន្តទៀថា ចំពោះវិធានការអភិរក្សសត្វផ្សោតសមុទ្រ ខាងមន្ទីរនិងបង្កើនការអប់រំបន្ថែម ដល់សារធារណះជន ពិសេសប្រជានេសាទ ត្រូវតែមានការនេសាទ ដោយប្រុងប្រយ័ត្ន ចំពោះដែនជម្រកសត្វផ្សោត៕