ឆ្នាំនេះប្រឡងបាក់ឌុប មិនមានអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយទៀតទេ
ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយ មិនរៀបចំពង្រាយ អ្នកសង្កេតការណ៍ ប្រឡងដូចឆ្នាំមុនៗនោទេ។ នេះបើតាមសេចក្តីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី 7 អាណត្តិទី 2 នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី 27 ខែមិថុនាឆ្នាំ 2019 នៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោកទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “ពាក់ព័ន្ធនឹងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ មិនរៀបចំពង្រាយ អ្នកសង្កេតការណ៍ ប្រឡងដូចឆ្នាំមុននៃ 5 ឆ្នាំកន្លងមកនេះទៀតទេ”។
សូមបញ្ជាក់ថា រយៈពេល 5 ឆ្នាំកន្លងមកហើយ នៅមុនពេលការប្រឡងមធ្យមសិក្សាទុតិយភូមិមកដល់ ក្រសួងអប់រំយុវជននិងកីឡា រួមជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ តែងតែបានធ្វើពិធីជួបជុំ អ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចំនួនប្រមាណជា 40000 នាក់ ក្នុងមួយឆ្នាំមួយឆ្នាំដោយទទួលបានលទ្ធផលជោគជ័យយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា ក្នុងពិធីជួបជុំអ្នកសង្កេតការណ៍ នាយឆ្នាំកន្លងមក លោកហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិង កីឡា បានមានប្រសាសន៍ថា ក្នុងឆ្នាំនេះការវេចខ្ចប់វិញ្ញាសា មានលក្ខណៈតឹងរ៉ឹង និងម៉ត់ចត់ ដែលមានការចូលរួមពីមន្រ្តីក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមិនឱ្យមានការបែកធ្លាយណាមួយនោះឡើយ។ ក្រៅពីនេះទាំងការដឹកជញ្ជូនក៏មានការចូលរួមពីមន្រ្តីក្រសួងអប់រំនិងនិងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោករដ្ឋមន្រ្តីក្រសួងអប់រំ បានធ្វើការផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវតែមកដល់មណ្ឌលប្រឡង ឱ្យបានមុនដំណើរការប្រឡង ត្រូវស្លៀកសំលៀកបំពាក់ ជាសិស្ស និងនាំមកនូវអត្តសញ្ញាណប័ណ្ណ នៅក្នុងបន្ទប់ប្រឡងហើយសម្រាប់ឧបករណ៍ប្រើប្រាស់ គឺប្រើបានតែឧបករណ៍ណា ដែលក្រសួងបានអនុញ្ញាតតែប៉ុណ្ណោះ។
លោករដ្ឋមន្រ្តីបានបន្ថែមថា នៅពេលបេក្ខជន ដែលត្រូវដើរចូលប្រឡង ត្រូវមានការឆែកនៅច្រកខ្លោងទ្វារមាត់សាលា។ បើបេក្ខជនមានប្រុយយ៉ុង ឬទូរស័ព្ទ នឹងមានការស្នើសុំឱ្យយកចេញ នៅពេលចូលបន្ទប់ប្រឡង ក៏នឹងត្រូវអនុរក្សធ្វើការឆែកបន្តទៀត ហើយបើមានប្រុយយ៉ុង ក៏ត្រូវស្នើសុំឱ្យយកចេញដូចគ្នា ហើយគេនឹងនៅតែអនុញ្ញាតប្រឡងដដែលទេ ។ “នៅពេលដែលដល់ម៉ោងប្រឡងអនុរក្ស សរសេរលើក្តាខៀន បេក្ខជននៅតែមិនព្រម ប្រគល់ប្រុយយ៉ុង ហើយបើអនុរក្សចាប់បាននោះ នឹងត្រូវបានពិន្ទុសូន្យជាស្វ័យប្រវត្តិ”។ លោករដ្ឋមន្រ្តីបញ្ជាក់យ៉ាងដូច្នេះ។
លោកហង់ ជួន ណារ៉ុន បានស្នើសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការសហការ ក្នុងការចូលរួមសង្កេតការណ៍បន្តទៀត ដើម្បីជួយប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងការប្រឡងបាក់ឌុបនេះ។ ទោះបីយ៉ាងណា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ទៅ គេនឹងធ្វើការពិចារណាបន្តទៀត ថាត្រូវរក្សាអ្នកសង្កេតការណ៍នេះទៀត ឬយ៉ាងណានោះ?
ចំណែកលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលសហការជាមួយក្រសួងអប់រំ នឹងនៅតែរឹតបន្តឹង ក្នុងការការប្រឡងដូចឆ្នាំមុនៗ ហើយពិសេសអាចនឹងតឹង ជាងឆ្នាំកន្លងមកទៀតផង។
លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងបន្ថែមថា នៅឆ្នាំនេះអ្នកសង្កេតការណ៍ជាង៤០.០០០នាក់ បានចូលរួមរៀនពីច្បាប់ ដើម្បីឱ្យអ្នកសង្កេតការណ៍ទាំងអស់ បានយល់ច្បាស់ពីច្បាប់ នៅពេលដែលចូលរួមអង្កេតការណ៍បាក់ឌុប
នៅថ្ងៃខាងមុខ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ”យើងអ្នកសង្កេតការណ៍ បើស្រឡាញ់បងប្អូនយើង ឬកូនក្មួយយើង ត្រូវធ្វើឱ្យតឹង ធ្វើឱ្យគេខំរៀន។ ក្រៅពីនេះ យើងត្រូវដកទុករាល់ប្រុយយ៉ុង ទាំងមាត់ទ្វារនិងក្នុងថ្នាក់។ បើដល់ម៉ោងហើយ វាយជួងម៉ឺង គឺបើចាប់បានបេក្ខជន នឹងត្រូវធ្លាក់ហើយ ពីព្រោះថានេះវាជាច្បាប់”៕